អគារកប់ពពកខ្ពស់ជាងគេបំផុតTorch Tower នៅក្នុងទីក្រុងតូក្យូបានចាប់ផ្តើមសាងសង់ហើយ

0

ដោយ: គង់ លាងហួរ

តូក្យូ: យោងតាមក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងបានឱ្យដឹងថា ការសាងសង់អគារTorch Tower ដែលជាអគារខ្ពស់កប់ពពកថ្មីបំផុតរបស់ប្រទេសជប៉ុន នៅកណ្តាលទីក្រុងតូក្យូ បានចាប់ផ្តើមហើយកាលពីថ្ងៃពុធម្សិលមិញនេះ។

ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្ស របស់ប្រទេសជប៉ុន Mitsubishi Estate គឺជាអ្នកអភិវឌ្ឍគម្រោងសាងសង់អគារ Torch Tower ដែលមានកម្ពស់៣៩០ម៉ែត្រនេះ  ដែលមានទីតាំងស្ថិតនៅក្បែរនឹងស្ថានីយរថភ្លើង Tokyo Station ដោយអគារនេះគ្រោងនឹងបើកសម្ពោធដំណើរការនៅឆ្នាំ២០២៧ខាងមុខ ហើយវានឹងក្លាយទៅជាអគារខ្ពស់ជាងគេបំផុតនៅទីក្រុងតូក្យូផងដែរ។គម្រោងសាងសង់អគារTorch Tower ដែលមានកម្ពស់៦៣ជាន់នេះ ត្រូវបានផ្ដោតសំខាន់ទៅលើការិយាល័យ ប៉ុន្តែក៏រួមមានដូចជាហាងទំនិញ ភោជនីយដ្ឋាន និងមានសាលធំ២.០០០កៅអីផងដែរ នៅជាន់ខាងក្រោម។

ចំណែក ជាន់ខាងលើនឹងត្រូវរៀបចំជា កន្លែងកម្សាន្តចម្រុះ ដែ លរួមបញ្ចូលនូវផ្លាហ្សា និងកន្លែងមើលទិដ្ឋភាពនៃទីក្រុង និងតំបន់ផ្សេងៗទៀតនៅក្បែរភ្នំ Mount Fuji។ ដោយឡែកនៅជាន់កំពូល នឹងរៀបចំទៅជាសណ្ឋាគារ ដែលមានជាង១០០បន្ទប់ រៀបចំចេញរចនាបថអគារបែបអណ្តាតភ្លើង ដែលគេហៅថា Sky Hill នៅពីលើលំហ។

អគារ Torch Tower នឹងមានកម្ពស់ខ្ពស់ជាងអគារ Abeno Harukas នៅទីក្រុងអូសាកា ដែលមានកម្ពស់៣០០ ម៉ែត្រ និងខ្ពស់ជាងអគារ Azabudai Hills Mori JP Tower នៅទីក្រុងតូក្យូ ដែលមានកម្ពស់៣៣០ម៉ែត្រ ដែលមានន័យថា អគារ Torch Tower នឹងក្លាយជាអគារខ្ពស់ជាងគេបំផុត នៅទីក្រុងតូក្យូ បន្ទាប់ពីសាងសង់រួចរាល់នៅឆ្នាំ២០២៧។

យោងតាមក្រុមហ៊ុន Developer Mitsubishi Estate  បានឱ្យដឹងថា អគារ Torch Tower នឹងត្រូវបានសាងសង់ឡើងឱ្យមានភាពធននឹងការរញ្ជួយដីយ៉ាងល្អ តាមរយៈបច្ចេកវិទ្យាការពារកម្រិតខ្ពស់ ហើយវាក៏នឹងផ្តល់ជាទីជម្រក ដល់សាធារណជន នៅពេលមានគ្រោះអាសន្នផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here