ដោយ: គង់ លាងហួរ
អន្តរជាតិ: អ្នកវិភាគលើកឡើងថា កិច្ចប្រជុំកំពូលមួយ ត្រូវបានរៀបចំឡើងដោយផ្ទាល់ជាលើកដំបូងនៅហុងកុង ចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩ ហើយព្រឹត្តិការណ៍នេះជាឱកាសពង្រីកខ្លួនជាសកល ស្របពេលដែលគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ឈានដល់គម្រប់ខួប១០ឆ្នាំ។
កិច្ចប្រជុំកំពូលនេះបានទាក់ទាញអ្នកចូលរួមអន្តរជាតិប្រហែល៦.០០០នាក់ និងកំណត់ដំណាក់កាលសម្រាប់កិច្ចព្រមព្រៀងចំនួន២០ ដែលត្រូវបានចុះហត្ថលេខា។ កិច្ចប្រជុំ និងកិច្ចព្រមព្រៀងទាំងនេះ គឺជាអ្វីដែលលោក John Lee នាយកប្រតិបត្តិរបស់ទីក្រុងហុងកុងបានហៅថាជា“តួលេខបំបែកឯតទគ្គកម្ម និងជាសញ្ញាបង្ហាញឱ្យឃើញថាទីក្រុងហុងកុងបានត្រឡប់ទៅលើឆាកពិភពលោកវិញហើយ”។
លោក Ding Xuexiang ឧបនាយករដ្ឋមន្ត្រីចិន បានមានប្រសាសន៍កាលពីពេលថ្មីៗកន្លងទៅថា “យើងគាំទ្រទីក្រុងហុងកុងក្នុងការរក្សាឱ្យបាននូវគុណសម្បត្តិពិសេសរបស់ខ្លួនក្នុងរយៈពេលវែង”។លោក Ding បន្តថា“ទីក្រុងហុងកុងអាចរក្សាបាននូវបរិយាកាសសេរី បើកចំហ និងមានរបៀបរៀបរយ រក្សាប្រព័ន្ធច្បាប់រួម ពង្រីកការតភ្ជាប់ប្រកបដោយភាពរលូន និងងាយស្រួល ព្រមទាំងដើរតួនាទីកាន់តែសំខាន់ក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន”។
ជាមួយគ្នានេះ ទីក្រុងហុងកុងកំពុងពង្រឹងតួនាទីរបស់ខ្លួន តាមរយៈការចូលជាដៃគូក្នុងកិច្ចព្រមព្រៀង RCEP ក្នុងតំបន់ ដែលមានប្រទេសសមាជិកអាស៊ានចំនួន១០ បូករួមនឹងប្រទេសអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងនូវែលសេឡង់។

លើសពីការកសាងភាពជាដៃគូ និងមិត្តភាព គណៈប្រតិភូហុងកុងក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន៥០ និងលិខិតសម្តែងបំណងក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចទាំងអស់នេះផងដែរ។




