Hattha top Banner

កម្ពុជា និងថៃប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេរភាគីឱ្យកើនដល់១៥ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៥

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: កម្ពុជា និងប្រទេសថៃ គ្រោងនឹងជំរុញទំហំពាណិជ្ជកម្មទ្វេរភាគីឱ្យកើន ដល់ទឹកប្រាក់១៥ពាន់លានដុល្លារអាមេរិក (៥៥០ពាន់លានបាត) ក្នុងមួយឆ្នាំនៅឆ្នាំ២០២៥ខាងមុខ។

ការប្តេជ្ញាចិត្តនេះបានធ្វើឡើង ក្នុងអំឡុងដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេលមួយថ្ងៃ របស់នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន មកកាន់កម្ពុជាកាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា។ក្នុងជំនួបនោះ ភាគីទាំងពីរបានព្រមព្រៀងគ្នា ក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេរភាគី ឲ្យដល់១៥ពាន់លានដុល្លារ ក្នុងរយៈពេល២ឆ្នាំខាងមុខ ព្រមទាំងធ្វើឱ្យប្រសើរឡើង នូវប៉ុស្តិ៍ត្រួតពិនិត្យនៅតាមច្រកព្រំដែន និងការតភ្ជាប់ផ្លូវដែកសម្រាប់រថភ្លើងដឹកទំនិញ។ទំហំពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា និងថៃសម្រេចបានទឹកប្រាក់៤,៦៧ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ដែលបានកើនឡើងជារៀងរាល់ឆ្នាំគិតចាប់តាំងពីឆ្នាំ២០១៥មក។

យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស និងសហ​ប្រតិបត្តិការអន្តរជាតិកម្ពុជាបានឱ្យដឹងថា ថ្នាក់ដឹកនាំទាំង២បានជួបប្រជុំទ្វេរភាគី ក្នុងគោលបំណងពង្រឹងទិសដៅ សកម្មភាពឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់  វិស័យ ដែលមានផលប្រយោជន៍ទៅវិញទៅមក ក្នុងក្របខ័ណ្ឌទ្វេរភាគី និងពហុភាគី។

ក្រសួងការបរទេសរបស់កម្ពុជាអះអាងថា “ដំណើរ​ទស្សនកិច្ច​របស់​លោក សេដ្ឋា ថាវីស៊ីន មកកាន់​កម្ពុជា​នឹងពង្រឹង​បន្ថែមទៀត​នូវ​ចំណងមិត្តភាព​ជា​ប្រពៃណី និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ពហុភាគី​រវាង​ប្រជាជាតិ​ទាំងពីរ”។

ក្រសួង​បាន​បន្ថែមថា​ ដំណើរ​ទស្សនកិច្ច​នេះ ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក ​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ និង​រួមចំណែក​ដល់​ការលើកកម្ពស់​សន្តិភាព ស្ថិរភាព និង​វិបុលភាព​ក្នុង​សហគមន៍​អាស៊ាន​ និង​អន្តរជាតិ”។

បន្ថែមពីនេះ ថ្នាក់ដឹកនាំទាំងពីរបានធ្វើការប្រគល់ និងទទួលនូវ “មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទា សម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងក្រុមជនងាយរងគ្រោះដទៃទៀត” ដែលមានទីតាំងស្ថិតនៅក្រុងប៉ោយប៉ែត និងជាគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការទ្វេរភាគី៕

LEAVE A REPLY

Please enter your comment!
Please enter your name here