ដោយ: គង់ លាងហួរ
ប៉េកាំង: កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសចិនបានបើកដំណើរការផ្លូវរថភ្លើងឆ្លងកាត់សមុទ្រល្បឿនលឿនបំផុត ដោយធ្វើដំណើរតាមបណ្តោយឆ្នេរសមុទ្រនៃខេត្ត Fujian ភាគអាគ្នេយ៍ ក្បែរច្រកសមុទ្រតៃវ៉ាន់។
រថភ្លើងល្បឿនលឿន Fuxing បានចាកចេញពីទីក្រុង Fuzhou នៃខេត្ត Fujian នៅម៉ោង៩:១៥ព្រឹក ដែលជាការប្រារព្ធពិធីបើកផ្លូវរថភ្លើងល្បឿនលឿនFuzhou-Xiamen-Zhangzhou ប្រវែង២៧៧គីឡូម៉ែត្រ ដែលមានល្បឿនអតិបរមា៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ដោយដកស្រង់សម្តីក្រុមហ៊ុន China State Railway Group ដែលជាប្រតិបត្តិករផ្លូវដែករបស់ប្រទេសចិនថា “វាគឺជាផ្លូវឆ្លងកាត់សមុទ្រដំបូងគេ របស់ប្រទេសចិន តាមរយៈរថភ្លើងល្បឿនលឿន ដែលនឹងធ្វើដំណើរលើស្ពានឆ្លងកាត់ឆកសមុទ្រចំនួន៣ខ្សែ និងមានល្បឿនអតិបរមា៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង”។លោក Li Pingzhuo អ្នកគ្រប់គ្រងគម្រោងផ្លូវដែក នៃក្រុមហ៊ុន China Railway Siyuan Survey and Design Group Co., Ltd. បានលើកឡើងថា ការសាងសង់ស្ពានឆ្លងកាត់ឆកសមុទ្រទាំង៣នេះ បានយកឈ្នះ លើបញ្ហាប្រឈមនានា ដែលបង្កឡើងដោយខ្យល់បក់ខ្លាំង រលកខ្ពស់ ទឹកជ្រៅ និងធម្មជាតិនៃបរិស្ថានសមុទ្រ។
លោក Li បានបន្ថែមថា ផ្លូវរថភ្លើងត្រូវបានពង្រឹងទប់ទល់ នឹងការរញ្ជួយដី នៅពេលដែលវាឆ្លងកាត់តំបន់ ដែលមានហានិភ័យនៃការរញ្ជួយដីខ្ពស់។ជាមួយគ្នានេះ ពេលវេលាធ្វើដំណើររវាងទីក្រុង Fuzhou និងទីក្រុង Xiamen ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងជាតំបន់ទេសចរណ៍ដ៏ពេញនិយម នឹងត្រូវកាត់បន្ថយមកនៅតិចជាងមួយម៉ោង។
យោងតាមសារាចរ ដែលចេញផ្សាយដោយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងក្រុមប្រឹក្សារដ្ឋនៅដើមខែនេះ បានកំណ ត់តំបន់ Fujian ជាតំបន់សម្រាប់ការអភិវឌ្ឍ សមាហរណកម្មឆ្លងច្រកសមុទ្រ ក្នុងគោលបំណងជួយសម្រួលដល់ការតភ្ជាប់ និងសមាហរណកម្មឱ្យកាន់តែប្រសើរឡើងរវាងខេត្ត Fujian និងកោះតៃវ៉ាន់៕