អនុលោមតាមព្រះរាជក្រមលេខ នស/រកម/១០០៧/០២៨ ចុះថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន និងព្រះរាជក្រមលេខនស/រកម/០១២១/០០៣ ចុះថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២១ ដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារបានបញ្ញតិ្តបង្កើតនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ដោយផ្តល់មុខងារក្នុងការគ្រប់គ្រងត្រួតពិនិត្យ និងអភិវឌ្ឍវិស័យមូលបត្រនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងពេលថ្មីៗនេះ ន.ម.ក. បានពិនិត្យឃើញមានជនទុច្ចរិតមួយចំនួនបាន និងកំពុងបន្តផ្សព្វផ្សាយព័ត៌មានតាមគេហទំព័រហ្វេសប៊ុក និងបណ្តាញតេឡេក្រាមក្នុងគោលបំណងកៀរគរសាធារណជនឱ្យដាក់ប្រាក់ដើម្បីចូលជាសមាជិក ឬចូលរួមវិនិយោគនៅក្នុងគម្រោងវិនិយោគផ្សេងៗ ដោយសន្យាថា នឹងផ្តល់ប្រាក់ចំណេញខ្ពស់ ជាមួយនឹងហានិភ័យយ៉ាងទាបបំផុតទៅឱ្យអ្នកដាក់ប្រាក់ ឬអ្នកវិនិយោគ ដែលផ្ទុយស្រឡះពីទ្រឹស្តីវិនិយោគ ដែលបានកំណត់ថា «ប្រាក់ចំណេញកាន់តែច្រើន ហានិភ័យកាន់តែខ្ពស់»។
ការប្រមូលប្រាក់ពីសាធារណជន យកទៅវិនិយោគលើគម្រោងវិនិយោគណាមួយជាក់លាក់ និងច្បាស់លាស់ហើយប្រាក់ចំណេញពីគម្រោងវិនិយោគនេះបែងចែកជូនអ្នកដាក់ប្រាក់វិនិយោគវិញ គឺជាគម្រោងវិនិយោគរួមដែលជាប្រភេទមួយនៃមូលបត្រ ដោយត្រូវតែទទួលបានអាជ្ញាប័ណ្ណជាមុនពី ន.ម.ក.។ ដោយឡែកការប្រមូលប្រាក់ពីសាធារណជនដោយអះអាងថា ជាការដាក់ទុនវិនិយោគ ជាមួយនឹងការសន្យាថានឹងផ្តល់ប្រាក់ចំណេញ និង /ឬផលប្រយោជន៍មកវិញក្នុងអត្រាខ្ពស់ខុសពីធម្មតា តែមិនបានបញ្ជាក់ថា នឹងយកប្រាក់ដែលប្រមូលបានទៅវិនិយោគលើគម្រោងណាមួយច្បាស់លាស់ ឬពិតប្រាកដនោះ គឺមិនអាចត្រូវចាត់ទុកថា ជាគម្រោងវិនិយោគពិតប្រាកដនោះទេ ប៉ុន្តែនេះគឺជាសញ្ញាបង្ហាញថា ជាគម្រោងវិនិយោគបោកប្រាស់ទៅវិញ។
ជាក់ស្ដែងនាពេលកន្លងមក ដូចករណី Telexfree, EBC និង Enarita សុទ្ធតែជាគម្រោងវិនិយោគឆបោកដោយបានកៀរគរឱ្យសាធារណជនដាក់ប្រាក់ចូលជាសមាជិក និង/ឬវិនិយោគ ដោយផ្តល់នូវប្រាក់ចំណេញខ្ពស់ ព្រមទាំងផ្តល់រង្វាន់សម្រាប់ការណែនាំអតិថិជនថ្មីៗបន្ថែមផងដែរ ដែលការពិតមិនមានគម្រោងវិនិយោគទេ ដោយគ្រាន់តែជាការប្រមូលប្រាក់ពីអ្នកវិនិយោគថ្មី ដើម្បីបែងចែកទៅឱ្យអ្នកវិនិយោគមុនៗ តាមការសន្យា ហើយគម្រោងនេះនឹងដួលរលំ នៅពេលដែលពុំមានអ្នកដាក់ប្រាក់ថ្មីបន្តទៀត ហើយសមាជិកដែលបានដាក់ប្រាក់នឹងក្លាយជាជនរងគ្រោះដោយប្រឈមនឹងការបាត់បង់ប្រាក់របស់ខ្លួនទាំងស្រុងតែម្តង។







