Hattha top Banner

កម្ពុជា និងប្រទេសសមាជិកអាស៊ានចុះកិច្ចព្រមព្រៀងជាមួយចិនប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងទាក់ទងនឹងល្បែងស៊ីសង

0

ដោយៈ តែម សុខុម

វៀងចន្ទន៍: ប្រទេសសមាជិកអាស៊ានចំនួន៦ រួមមាន កម្ពុជា ថៃ ឡាវ វៀតណាម ហ្វីលីពីន និងម៉ាឡេស៊ី ជាមួយប្រទេសចិន បានប្រកាសផែនការសកម្មភាពមួយ កាលពីថ្ងៃអង្គារ ទី២៦ ខែកញ្ញា ដើម្បីរូមគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដែលទាក់ទងនឹងល្បែងស៊ីសងនៅក្នុងតំបន់។

គំរោង​នេះ បានទទួលការគាំទ្រពីការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC)។

អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថា ក្រុមឧក្រិដ្ឋជនដែលមានការចាត់តាំង បានងាកមកធ្វើប្រតិបត្តិការកាស៊ីណូ និងប្រតិបត្តិការឆបោក ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសក្នុងប្រទេសមីយ៉ាន់ម៉ា ឡាវ និងកម្ពុជា ហើយថា តំបន់សេដ្ឋកិច្ចពិសេស (SEZ) នានាផ្តល់ហេដ្ឋារចនាសម្ព័ន្ធ អំណោយផលសម្រាប់ក្រុមឧក្រិដ្ឋជនទាំងនេះ ដឹកជញ្ជូនជនរងគ្រោះពីប្រទេសផ្សេងៗ ហើយឃុំឃាំងពួកគេទុកជាចំណាប់ខ្មាំង។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា។

ក្រៅពីរងការចោទប្រកាន់ ពីបទជួញដូរមនុស្ស ក្រុមឧក្រិដ្ឋជនទាំងនេះ ក៏ជាអ្នកទទួលខុសត្រូវ ចំពោះអំពើឆបោកតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ ដោយពួកគេចូលរួម ក្នុងសកម្មភាពខុសច្បាប់ជាច្រើនរួមមានការលាងលុយកខ្វក់ ការរត់ពន្ធគ្រឿងញៀន ការជួញដូរសត្វព្រៃ និងពេស្យាចារកុមារជាដើម។

កិច្ចព្រមព្រៀងនេះបញ្ជាក់ថា មនុស្សរាប់ពាន់ម៉ឺននាក់មកពីទូទាំងអាស៊ី និងជុំវិញពិភពលោកដែលចាញ់ល្បូងគេថា នឹងទទួលបានឱកាសការងារ ដែលមានប្រាក់ខែខ្ពស់ ត្រូវបានគេជួញដូរឱ្យធ្វើការនៅតាមកាស៊ីណូ និងកន្លែងប្រព្រឹត្តអំពើឆបោកផ្សេងៗទៀត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន សេចក្តីណែនាំថ្មីៗនៃកិច្ចព្រមព្រៀងនេះ មានគោលដៅជំរុញការស៊ើបអង្កេតស្របគ្នា ឬ រួមគ្នាលើករណីឧក្រិដ្ឋកម្មឆ្លងដែន បង្កើនការកំណត់អត្តសញ្ញាណជនរងគ្រោះនៃការជួញដូរ និងពង្រឹងយន្តការដើម្បីការពារ ជួយ និងធ្វើមាតុភូមិនិវត្តជនរងគ្រោះ ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ។

បណ្ដាប្រទេស ដែលបានចុះកិច្ចព្រមព្រៀងនេះ ក៏នឹង “ពិនិត្យឡើងវិញ និងពង្រឹងក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិដែលគ្រប់គ្រងអាជ្ញាប័ណ្ណ ដែលផ្ដល់សម្រាប់ឧស្សាហកម្មកម្សាន្ត ដូចជា កាស៊ីណូ ហ្គេម និងការភ្នាល់តាមអ៊ីនធឺណិត” ផងដែរ។

បន្ថែមពីលើនេះ ប្រទេសទាំងនេះ បានប្តេជ្ញាបង្កើតប្រព័ន្ធត្រួតពិនិត្យប្រវត្តិ របស់អ្នកវិនិយោគលើកាស៊ីណូ រួមទាំង Platform អនឡាញ និងប្រតិបត្តិការកន្លែងបន្លំ នៅតាមតំបន់សេដ្ឋកិច្ចពិសេសថា តើពួកគេមានទំនាក់ទំនង ជាមួយឧក្រិដ្ឋជន ដែលមានការចាត់តាំងដែរឬទេ៕ Laotian Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here