Hattha top Banner

ស្ថាប័ន​ចំនួន​៣​ បាន​ចុះ​អនុស្សរណៈ​ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ពន្ធដារ​គណនេយ្យ​ហិរញ្ញវត្ថុ​និង​អាជីវកម្ម​ស្តង់ដារ

0

ភ្នំពេញ​ ៖​ ស្ថាប័ន​សំខាន់ៗ​ចំនួន​៣ មាន​សមាគម​សហព័ន្ធ​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ​កម្ពុជា​(CTAFA) វិទ្យាស្ថាន​ស៊ី​អ៊ី​អូ​(CEO)​និង​សមាគម​អគ្គនាយក​ហិរញ្ញវត្ថុ​កម្ពុជា (CFO) បាន​ចុះ​អនុស្សរណៈ​MoU​ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ពន្ធដារ គណនេយ្យ​ហិរញ្ញវត្ថុ​និង​អាជីវកម្ម​ស្តង់ដារ​នៅ​កម្ពុជា​។​

ពិធី​ចុះហត្ថលេខា​MoU ត្រីភាគី​ដ៏​សំខាន់​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២៣​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា រាជធានី​ភ្នំពេញ ស្រប​ពេលដែល​សមាគម​សហព័ន្ធ​ភ្នាក់ងារ​សេវាកម្ម​ពន្ដារ​កម្ពុជា​(CTAFA)​បាន​បើកសម្ពោធ​ជា​ផ្លូវការ​របស់ខ្លួន​។ លោក អ៊ុំ សា​រ៉ាវុធ ប្រធាន​សមាគម​សហព័ន្ធ​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ​កម្ពុជា​បាន​ថ្លែងថា​៖ អនុស្សរណៈ​យោគយល់​ត្រីភាគី​នេះ​មាន​គោលបំណង​ដើម្បី​ជួយ​ដល់​ម្ចាស់​អាជីវកម្ម​ឱ្យបាន​យល់​អំពី​កាតព្វកិច្ច​និង​ច្បាប់​ពន្ធ​ដែល​ពួកគាត់​ត្រូវអនុវត្ត​និង​យល់ដឹង​ពី​ច្បាប់​ដែលមាន​ជា​ធរមាន​។​លោក​បាន​បន្តថា​៖«MoU​នេះ​នឹង​ជួយ​ម្ចាស់​អាជីវកម្ម​ឲ្យ​រកស៊ី​មានការ​រីកចម្រើន និង​អាជីវកម្ម​តាម​ស្តង់ដារ​និង​ទទួលបាន​ចំណេះដឹង​ផ្នែក​អាជីវកម្ម ការគ្រប់គ្រង​អាជីវកម្ម​ព្រមទាំង​យល់ដឹង​ពី​បញ្ហា​ពន្ធដារ ពី​ហានិភ័យ​នៃ​ពន្ធដារ និង​ច្បាប់​ជា​ធរមាន ជាពិសេស​ជួយ​ម្ចាស់​អាជីវកម្ម​ឱ្យ​យល់ដឹង​អំពី​គណនេយ្យ​ក៏ដូចជា​គណនេយ្យ​ហិរញ្ញវត្ថុ​ច្បាស់លាស់​»​។​លោក អ៊ុំ សា​រ៉ាវុធ បាន​បញ្ជាក់​ថា ​៖ សមាគម​សហព័ន្ធ​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ​កម្ពុជា​ជួយ​ទៅលើ​បញ្ហា​ពន្ធដារ ចំណែក​ស៊ីអូ​ម៉ា​ស្ទ័​រ​ក្លិប​ផ្ដោតលើ​ការបណ្តុះបណ្តាល​ម្ចាស់​អាជីវកម្ម​ទាក់ទង​ទៅនឹង​ការគ្រប់គ្រង​អាជីវកម្ម ចំណែក​សមាគម​អគ្គនាយក​ហិរញ្ញវត្ថុ​កម្ពុជា​បណ្តុំ​ទៅដោយ​អ្នកជំនាញ​ខាង​គណនេយ្យ​និង​ហិរញ្ញវត្ថុ​។​ស្ថាប័ន​ទាំងបី​នេះ​នឹង​ចាប់ដៃគ្នា​ធ្វើ​យ៉ាងម៉េច​ដើម្បី​ឲ្យ​ម្ចាស់​អាជីវ​កម្មបាន​យល់ដឹង​កាន់តែច្បាស់​ថែមទៀត​អំពី​របរ​រកស៊ី​និង​ការធ្វើ​អាជីវកម្ម​របស់​ពួកគាត់ ទាក់ទង​ទៅនឹង​ផ្លូវច្បាប់​និង​ការគ្រប់គ្រង​អាជីវកម្ម​ឲ្យ​មាន​និរន្តរភាព​។​

​លោក​តឹក វាសនា ប្រធាន​សមាគម​អគ្គនាយក​ហិរញ្ញវត្ថុ​កម្ពុជា​(CFO)​បាន​ថ្លែងថា នៅ​កម្ពុជា​ធនធានមនុស្ស​ផ្នែក​គណនេយ្យ​ហិរញ្ញវត្ថុ​ខ្វះ​ខ្លាំង​។ កម្ពុជា​ត្រូវការ​ធនធាន​លើ​វិស័យនេះ​។ ដូច្នេះ​MoU​ត្រីភាគី​នេះ​គឺ​ប្រមូល​អ្នកជំនាញ​ខាង​វិស័យ​គណនេយ្យ​ហិរញ្ញវត្ថុ ពន្ធដារ​ដើម្បី​ជួយ​បណ្តុះបណ្តាល​ធនធាន​លើ​វិស័យនេះ​ឲ្យ​កាន់តែ​មានការ​រីកចម្រើន​។​​លោក​បន្ថែម​ថា​ ៖ កន្លងមក​សមាគម​អគ្គនាយក​ហិរញ្ញវត្ថុ​កម្ពុជា​បាន​ជួយ​ម្ចាស់​អាជីវកម្ម​ក៏ដូចជា​និស្សិត រៀន​គណនេយ្យ​ឱ្យ​យល់​ច្បាស់​ពី​បញ្ហា​ការងារ​គណនេយ្យ​និង​ហិរញ្ញវត្ថុ​។​ចំណែក​ស៊ី​អ៊ី​អូ​ម៉ា​ស្ទ័​រ​ក្លិប​ជួយ​បណ្តុះបណ្តាល​បង្វឹក​ម្ចាស់​អាជីវកម្ម ពី​វិធីសាស្ត្រ​គ្រប់គ្រង​អាជីវកម្ម​ជាដើម​ហើយ​សមាគម​សហព័ន្ធ​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ​កម្ពុជា​ជួយ​ទៅលើ​បញ្ហា​ពន្ធដារ​។​ការចុះ​MoU​នៃ​បី​ស្ថាប័ន​នេះ​នឹង​ជួយ​សហការគ្នា​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​បាន​ច្រើន​។

លោក តឹក វាសនា បាន​លើកឡើងថា​៖ មូល​ហេតុដែល​ពន្ធដារ​ពិន័យ​គឺ​ដោយសារ​បញ្ហា​ហិរញ្ញវត្ថុ​មិនបាន​ល្អ​។ ស្ថាប័ន​ទាំងបី​មាន​ជំនាញ​ច្បាស់លាស់​ដូច្នេះ​អាច​នឹង​ជួយ​ដល់​ម្ចាស់​អាជីវកម្ម​អាច​បង់ពន្ធ​បាន​ត្រឹមត្រូវ​ចៀស​ផុតពី​ការពិន័យ​ពី​មន្ត្រី​ពន្ធដារ​។ លោក​គ្រូធំ​បណ្ឌិត អោម សេង​បូរ៉ា ប្រធាន​ក្រុមប្រឹក្សាភិបាល​វិទ្យាស្ថាន​ស៊ី​អ៊ី​អូ​ក៏បាន​ធ្វើ​បទ​បង្ហាញ​និង​គ​ន្លិះ​សំខាន់ៗ​អំពី​ការកសាង​សមត្ថភាព​រៀបចំ​ក្រុមហ៊ុន​ពី​លក្ខណៈ​គ្រួសារ​ទៅ​ស្តង់ដារ​។

ចំណែក​លោក អ៊ំ សា​រ៉ាវុធ ក៏បាន​ចែករម្លែក​នូវ​បទពិសោធ​និង​ចំណេះដឹង​ជាក់​ស្តែងដ​ល់​ម្ចាស់​អាជីវកម្ម​ដែល​បាន​ចូលរួម​អំពី​ច្បាប់​ពន្ធដារ កាតព្វកិច្ច និង​សិទ្ធិ​របស់​អាជីវ​កម្មបទ​ដ្ឋា​ន​គតិយុត្តិ​ផ្សេង​ផ្សេង​ដែល​ម្ចាស់​អាជីវកម្ម​ត្រូវតែមាន​ដើម្បី​ចៀសវាង​បញ្ហា​ពិន័យ​ពី​ពន្ធដារ​ដូចជា​ការខ្វះ​អាជ្ញាប័ណ្ណ​ការ​មិនទាន់​ស្របច្បាប់ ការប្រកាស​ពន្ធ​ខុស​ការ​ធ្វើ​របាយការណ៍​ហិរញ្ញវត្ថុ​មិនបាន​ត្រឹមត្រូវ​ជាដើម​។

ពាក់ព័ន្ធ​នឹង​ការ​បង្កើត​សមាគម​សហព័ន្ធ​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ​កម្ពុជា​(CTAFA)​នេះ​ឡើង លោក អ៊ំ សា​រ៉ាវុធ បាន​លើកឡើង​ថា គឺ​ដោយសារ​មើល​ឃើញ​អ្នក​រកស៊ី​នៅ​ស្រុក​ខ្មែរ​ខ្លះ​អត់​ទាន់​បាន​យល់ដឹង​ច្បាស់​ពី​បញ្ហា​ពន្ធដារ ច្បាប់​ពន្ធដារ​ដែល​ធ្វើ​ឲ្យ​ពួកគាត់​ប្រឈម​នឹង​បញ្ហា​ជាច្រើន​។ ដូច្នេះ​ការបង្កើត​សមាគម​នេះ​ឡើង​គឺ​ដើម្បី​ជួយ​ម្ចាស់​អាជីវកម្ម​ឱ្យ​យល់ដឹង​ពី​ពន្ធដារ​គណនេយ្យ​ហិរញ្ញវត្ថុ​និង​ផ្តល់​ប្រឹក្សា​យោបល់​បង្រៀន​ឲ្យ​យល់​ពី​អាជីវកម្ម​ដែល​កំពុង​រកស៊ី​ថា​តើ​មាន​ពន្ធ​អ្វីខ្លះ​ដែល​ពួកគាត់​ត្រូវ​បង់ និង​ផ្តល់​ដំណោះស្រាយ​ផ្សេងៗ​ដល់​ម្ចាស់​អាជីវកម្ម​ទាំងអស់​។គួរ​ជម្រាប​ថា សមាគម​សហព័ន្ធ​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ​កម្ពុជា​(CAMBODIA TAXAGENT FEDERATION ASSOCIATION) ហៅ​កាត់​ថា CTAFA បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​នៅ​ក្រសួងមហាផ្ទៃ​តាមរយៈ​ប្រកា​សលេខ ៥៩៩៦​ប្រក​ចុះ​ថ្ងៃទី​០១ ​ខែវិច្ឆិកា​ ឆ្នាំ​២០២២​។ បាន​បំពេញ​កាតព្វកិច្ច​ចុះបញ្ជី​សារពើពន្ធ​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ​តាមរយៈ​លិខិត​លេខ​៣០០៧៣​អព​ដ​ចុះ​ថ្ងៃទី​១៣ ​ខែធ្នូ ​ឆ្នាំ២០២២​។ សមាគម​មាន​អាសយដ្ឋាន​នៅផ្ទះ​លេខ​C៤៦​និង​C៤៨ មហាវិថី​សហព័ន្ធ​រុស្ស៊ី ភូមិ​ក្បាលដំរី​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​។

លោក អ៊ុំ សា​រ៉ាវុធ បាន​មានប្រសាសន៍ថា សមាគម​នេះ​គឺ​មិនមែនជា​ស្ថាប័ន​ស្វែងរក​ប្រាក់កម្រៃ​នោះទេ​។​ ប៉ុន្តែ​យើង​មាន​ចក្ខុវិស័យ​ដ៏​ជ្រាលជ្រៅ​គឺ​ចង់ឃើញ​ការអនុវត្ត​ច្បាប់​ពន្ធ​រវាង​រដ្ឋបាល​សារពើពន្ធ​និង​ធុរកិច្ច​ជន​មាន​តម្លាភាព ដើម្បី​ជួយ​ជ្រោមជ្រែង​សេដ្ឋកិច្ចជាតិ​ឲ្យ​រឹងមាំ​។​សមាគម​មាន​បេសកកម្ម​ចូលរួម​សហការ​ល្អជា​មួយ​រាជរដ្ឋាភិបាល​ក្នុងការ​ផ្សព្វផ្សាយ​អប់រំ​និង​ការបណ្តុះបណ្តាល​ច្បាប់​សារពើពន្ធ​តាមរយៈ​សិក្ខាសាលា​និង​វគ្គប​ណ្តុ​បណ្ដាល​នៅក្នុង​ប្រទេស​និង​ក្រៅប្រទេស​។ចងក្រង​ជា​បណ្តាញ​និង​ជា​សំឡេង​តែមួយ​ងាយស្រួល​ក្នុងការ​ចូលរួម​លើកកម្ពស់​ការអនុវត្ត​កាតព្វកិច្ច​សារពើពន្ធ​របស់​ធុរកិច្ច​ជន​ឱ្យបាន​ត្រឹមត្រូវ​និង​អនុលោម​ទៅតាម​ច្បាប់​។ លើសពីនោះ​គឺ​ចូលរួម​សហការ​ជំរុញ​ឱ្យមាន​វប្បធម៌​ចូលរួម​បង់ពន្ធ​ជូន​រដ្ឋ​ធ្វើឱ្យ​សេដ្ឋកិច្ច​ជា​រីកចម្រើន​ឆាប់រហ័ស​និង​ចូលរួមចំណែក​ជួយ​ដល់​ការងារ​សង្គម​និង​សប្បុរសធម៌​៕

LEAVE A REPLY

Please enter your comment!
Please enter your name here