តែម សុខុម
បាងកក: ក្រុមហ៊ុនអាកាសចរណ៍ Thai International Airways Plc (THAI) មានគោលដៅដណ្ដើមយក៤០%នៃចំណែកទីផ្សារថៃ បន្ទាប់ពីច្របាច់បញ្ចូលគ្នាជាមួយក្រុមហ៊ុន “Thai Smile” ដែលជាបុត្រសម្ព័ន្ធរបស់ខ្លួន។
ក្រុមហ៊ុននេះក៏គ្រោងពង្រីកផ្លូវហោះហើររបស់ខ្លួនផងដែរ ជាពិសេសទៅកាន់គោលដៅពេញនិយមនៅក្នុងប្រទេសជប៉ុន ហើយរំពឹងថា ជើងហោះហើរក្នុងរដូវរងានឹងកើនឡើង។ នេះបើយោងតាមសារព័ត៌មាន The Nation ចុះផ្សាយកាលពីថ្ងៃសុក្រ ទី២៩ ខែកញ្ញា។
លោក Chai Eamsiri នាយកប្រតិបត្តិក្រុមហ៊ុន Thai International Airways Plc លើកឡើងថា ក្រុមហ៊ុននេះគ្រោងនឹងចូលទីផ្សារហ៊ុនឡើងវិញក្នុងត្រីមាសសារពើពន្ធបន្ទាប់ ខណៈកំពុងគូសវាសគោលដៅអាជីវកម្មក្រោយការរៀបចំរចនាសម្ព័ន្ធឡើងវិញ។
បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ Thai Airways កំពុងរៀបចំរចនាសម្ព័ន្ធបុត្រសម្ព័ន្ធរបស់ខ្លួនឡើងវិញ ដោយបានច្របាច់បញ្ចូលគ្នាជាមួយជើងហោះហើរ និងផ្លូវហោះហើររបស់ក្រុមហ៊ុន Thai Smile។ ការច្របាច់បញ្ចូលគ្នានេះរំពឹងថានឹងបញ្ចប់ទាំងស្រុងនៅត្រឹមខែមករា ដើមឆ្នាំ២០២៤។
កិច្ចខិតខំប្រឹងប្រែងទាំងនេះនឹងជំរុញឱ្យចំនួនយន្តហោះរបស់ក្រុមហ៊ុន Thai Airways កើនឡើងពីចំនួនបច្ចុប្បន្ន៤៥គ្រឿងឈានដល់៧៦គ្រឿងជាមួយនឹងការទិញយន្តហោះ១១គ្រឿងបន្ថែមទៀត។
ក្រៅពីការបង្កើនការក្ដោបក្ដាប់ចំណែកទីផ្សារថៃ ក្រុមហ៊ុន Thai International Airways Plc ក៏ផ្តោតលើផ្លូវហោះហើរពេញនិយមនានាផងដែរ ជាពិសេសប្រទេសជប៉ុន ដែលជាគោលដៅកំពូលសម្រាប់អ្នកធ្វើដំណើរថៃ។
ក្រុមហ៊ុនអាកាសចរណ៍នេះរំពឹងថានឹងទទួលបានកំណើនតម្រូវការពីអ្នកធ្វើដំណើរជប៉ុន មកកាន់ប្រទេសថៃ បន្ទាប់ពីរដ្ឋាភិបាលជប៉ុន បានលើកទឹកចិត្តឱ្យពលរដ្ឋរបស់ខ្លួនធ្វើដំណើរទៅក្រៅប្រទេស។
ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ជឿជាក់ថា ផលិតផល និងសេវាកម្មដ៏ទូលំទូលាយរបស់ខ្លួននឹងបំពេញតម្រូវការរបស់អ្នកដំណើរជប៉ុន។
បណ្តាញផ្លូវហោះហើរដ៏ធំទូលាយរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ គ្របដណ្តប់គោលដៅជាច្រើនក្នុងប្រទេសជប៉ុន រួមទាំងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម ឥណ្ឌា និងអឺរ៉ុប ផងដែរ។ គេរំពឹងថា នៅឆ្នាំ២០២៤ ចំនួនអ្នកធ្វើដំណើរជប៉ុន មកកាន់ប្រទេសថៃ នឹងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់៕ The Nation៕