ប្រទេសវៀតណាមទទួលបានភ្ញៀវទេសចរបរទេសលើសគោលដៅដាក់ចេញចំនួន៨លាននាក់ ក្នុងឆ្នាំ២០២៣នេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: សារព័ត៌មានវៀតណាម VN Express បានរាយការណ៍ថា ប្រទេសវៀតណាមបានទទួលស្វាគមន៍ការមកដល់នៃភ្ញៀវទេសចរអន្តរជាតិប្រមាណ៨,៩លាននាក់ ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៣នេះពោលគឺលើសគោលដៅដាក់ចេញចំនួន៨លាននាក់ក្នុងឆ្នាំនេះ។
យោងតាមទិន្នន័យ ដែលដកស្រង់ចេញពីរបាយការណ៍របស់ការិយាល័យស្ថិតិទូទៅ បានបង្ហាញថា ចំនួនតួលេខភ្ញៀវទេសចរអន្តរជាតិក្នុងរយៈពេល៩ខែកន្លងមកនេះ បានកើនឡើង៤,៧ដង បើធៀបនឹងឆ្នាំមុន ប៉ុន្តែបើធៀបនឹងមុនពេលផ្ទុះជំងឺរាតត្បាតកូវីដ-១៩ វាស្មើនឹង៦៩%ប៉ុណ្ណោះនៃចំនួនភ្ញៀវទេសចរដែលចូលមកទស្សនាប្រទេសវៀតណាម។

ប្រទេសវៀតណាមកត់សម្គាល់ឃើញថា កូរ៉េខាងត្បូងគឺជាប្រទេស ដែលមានប្រជាជនមកកំសាន្តច្រើនជាងគេបង្អស់នៅក្នុងប្រទេសរបស់ខ្លួន ដោយមានជាង ២,៥លាននាក់ ខណៈភ្ញៀវទេសចរចិនឈរនៅលំដាប់លេខពីរ ដែលមានចំនួន១,១លាននាក់។លំដាប់ទី៣គឺ ភ្ញៀវទេសចរមកពីកោះតៃវ៉ាន់ ដែលមានចំនួន៥៧៥.០០០នាក់ ភ្ញៀវទេសចរអាមេរិកឈរនៅលំដាប់ទី៤ ដែលមានចំនួន៥៤៨.០០០នាក់ ខណៈជប៉ុនឈរនៅលំដាប់ទី៥ ដោយមានចំនួនភ្ញៀវទេសចរមកទស្សនាប្រទេសវៀតណាមប្រមាណ៤១៤.០០០នាក់ក្នុងរយៈពេល៩ខែកន្លងមកនេះ។

ប្រទេសវៀតណាមបានប្រណាំងប្រជែងខ្លាំងលើវិស័យទេសចរណ៍អន្តរជាតិ តាមរយៈការដាក់ចេញនូវគោលនយោបាយបន្ធូរបន្ថយទិដ្ឋាការ និងជំរុញយុទ្ធនាការផ្សព្វផ្សាយពីឧស្សាហកម្មគ្មានផ្សែងរបស់ពួកគេផងដែរ។កាលពីឆ្នាំ២០១៩កន្លងទៅ ប្រទេសវៀតណាមបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិប្រមាណ១៨លាននាក់ និងទាញបានប្រាក់ចំណូលពីវិស័យទេសចរណ៍ចំនួន៣០ពាន់លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here