ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអាកាសចរណ៍រដ្ឋចិន China Eastern Airlines គ្រោងនឹងទិញយន្តហោះប្រភេទ C919 ចំនួន១០០គ្រឿងទៀតក្រោមកិច្ចព្រមព្រៀង ដែលមានតម្លៃ១០ពាន់លានដុល្លារអាមេរិក។
ការប្រកាសនេះនឹងក្លាយជាការបញ្ជាទិញដ៏ធំបំផុតមិនធ្លាប់មានសម្រាប់យន្តហោះដែលផលិតឡើងដោយសាជីវកម្មយន្តហោះពាណិជ្ជកម្មចិន (COMAC)។
ក្រុមហ៊ុន China Eastern Airlines អះអាងថា ខ្លួនបានទទួលការបញ្ចុះតម្លៃច្រើន សម្រាប់កិច្ចព្រមព្រៀងនេះ ហើយយន្តហោះទាំងនោះនឹងត្រូវបានបញ្ជូនមកឱ្យក្រុមហ៊ុនចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣១។ យន្តហោះប្រភេទ C919 មានតម្លៃក្នុងបញ្ជីចំនួន៩៩លានដុល្លារ ប៉ុន្តែវាអាចត្រូវបានលក់បញ្ចុះតម្លៃរហូតដល់៥០ភាគរយ ជាពិសេសសម្រាប់ម៉ូដែលថ្មីៗ។
កិច្ចព្រមព្រៀងនេះបានធ្វើឡើង រយៈពេល៥ខែបន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់ចិន ដែលត្រូវបានផលិតឡើងដោយសាជីវកម្ម COMAC បានធ្វើការហោះហើរលើកដំបូងរបស់ខ្លួនដោយជោគជ័យកាលពីខែឧសភាកន្លងទៅ។
យន្តហោះដឹកអ្នកដំណើរ ឬហៅថាយន្តហោះពាណិជ្ជកម្មប្រភេទC919 ដែលផលិតឡើងដោយប្រទេសចិននឹងត្រូវប្រកួតប្រជែងជាមួយយន្តហោះប្រភេទ A320neo របស់ក្រុមហ៊ុន Airbus SE និងយន្តហោះរបស់ក្រុមហ៊ុនអាមេរិក Boeing។
ក្រុមហ៊ុនអាកាសចរណ៍រដ្ឋ China Eastern Airlines ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងសៀងហៃ គឺជាអ្នកប្រើប្រាស់យន្តហោះ C919 ដំបូងគេ ដោយក្រុមហ៊ុនបានទិញយន្តហោះប្រភេទនេះចំនួន៥គ្រឿង ដែលក្នុងនោះ៣គ្រឿងត្រូវបានប្រគល់មកឱ្យរួចរាល់ ខណៈ២គ្រឿងផ្សេងទៀតត្រូវបានគេរំពឹងថានឹងប្រគល់នៅចុងឆ្នាំនេះ ៕