តែម សុខុម
ហ្សាការតា: ប្រទេសឥណ្ឌូណេស៊ី បានដាក់ឱ្យដំណើរការរថភ្លើងល្បឿនលឿនដែលគេស្គាល់ថា Bullet Train ដំបូងគេបង្អស់មិនធ្លាប់មាននៅអាស៊ីអាគ្នេយ៍ កាលពីថ្ងៃអាទិត្យ ទី០១ ខែតុលា ដែលនឹងតភ្ជាប់ទីក្រុងធំបំផុត២ក្នុងប្រទេសនេះ។
ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធ “ខ្សែក្រវាត់ និងផ្លូវ” (BRI) របស់មហាយក្សចិន និងដែលទទួលបានហិរញ្ញប្បទានមួយភាគធំពីបណ្ដាក្រុមហ៊ុនរដ្ឋចិន គម្រោងរថភ្លើងល្បឿនល្បឿនក្រោមទុនវិនិយោគ៧,៣ពាន់លានដុល្លារ នេះត្រូវបានដាក់ឱ្យដំណើរការស្វាគមន៍សាធារណជនកាលពីថ្ងៃអាទិត្យ ទី០១ ខែតុលា បន្ទាប់ពីមានការពន្យារពេលជាច្រើនលើក។
រថភ្លើងនេះនឹងធ្វើដំណើររវាងរដ្ឋធានីហ្សាការតា និងក្រុងបានឌុង (Bandung) ក្នុងខេត្តជ្វាខាងលិច (West Java)។ Bandung គឺជាទីក្រុងធំទី២ របស់ប្រទេសឥណ្ឌូនេស៊ី និងជាមជ្ឈមណ្ឌលសិល្បៈ និងវប្បធម៌ដ៏សំខាន់។ក្រុមមន្ត្រីនិយាយថា ខ្សែរថភ្លើងល្បឿនលឿនប្រវែង១៣៨គីឡូម៉ែត្រដែលមានឈ្មោះជាផ្លូវការថា WHOOSH នេះដើរដោយថាមពលអគ្គិសនីដោយគ្មានការបំភាយកាបូនដោយផ្ទាល់ និងរត់ក្នុងល្បឿនប្រមាណ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយកាត់បន្ថយពេលវេលាធ្វើដំណើររវាងរដ្ឋធានីហ្សាការតា និង Bandung ពី៣ម៉ោងមកនៅត្រឹមក្រោមមួយម៉ោង។
គ្រប់គ្រងដោយក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់រដ្ឋ PT Kereta Cepat Indonesia China (PT KCIC) រថភ្លើងនេះធ្វើដំណើររវាងស្ថានីយ Halim ក្នុងរដ្ឋធានីហ្សាការតា ភាគខាងកើត និងស្ថានីយ Padalarang ក្នុងទីក្រុង Bandung ភាគខាងលិច ហើយត្រូវបានតភ្ជាប់យ៉ាងល្អជាមួយប្រព័ន្ធដឹកជញ្ជូនសាធារណៈក្នុងតំបន់។
ក្រុមមន្ត្រីបានបន្ថែមថា រថភ្លើងដែលត្រូវបានកែសម្រួលយ៉ាងពិសេសឱ្យស្របទៅនឹងលក្ខខណ្ឌអាកាសធាតុត្រូពិចនៃប្រទេសឥណ្ឌូនេស៊ី នេះត្រូវបានបំពាក់ដោយប្រព័ន្ធសុវត្ថិភាពដែលអាចឆ្លើយតបទៅនឹងគ្រោះរញ្ជួយដី ទឹកជំនន់ និងស្ថានភាពគ្រាអាសន្នផ្សេងៗទៀត៕ CNN៕