ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមសារពត៌មានXinhua បានចុះផ្សាយថា ប្រទេសចិននឹងក្លាយទៅជាទីផ្សារទេសចរណ៍ និងការធ្វើដំណើរដ៏ធំបំផុតរបស់ពិភពលោកក្នុងរយៈពេលចន្លោះពី៣ឆ្នាំទៅដល់៥ឆ្នាំខាងមុខនេះ។
លោកស្រី Julia Simpson ប្រធានក្រុមប្រឹក្សាភិបាលនៃការធ្វើដំណើរ និងទេសចរណ៍ពិភពលោក (WTTC) បានប្រាប់សារពត៌មាន Xinhua ក្នុងបទសម្ភាសន៍មួយនៅវេទិកាសេដ្ឋកិច្ចទេសចរណ៍សកល (GTEF) ដែលរៀបចំឡើងថ្មីៗនេះនៅទីក្រុងម៉ាកាវ ថា “ទីបំផុតប្រទេសចិនបានបើកដំណើរការឡើងវិញហើយ ហើយយើងកំពុងមើលឃើញការស្ទុះងើបឡើងវិញយ៉ាងពេញលេញ” ។
លោកស្រី Simpson អះអាងថា “ប្រទេសចិនគឺជាទីផ្សារដ៏សំខាន់មួយ ដែលមានតម្លៃ១,៨ពាន់ពាន់លានដុល្លារអាមេរិក។ ទីផ្សារនេះបានបាត់បង់តម្លៃមួយចំនួនក្នុងអំឡុងពេលនៃជំងឺរាតត្បាត ប៉ុន្តែទីផ្សារចិនបានបើកទ្វារម្តងទៀត ហើយជនជាតិចិនបានត្រលប់មកវិញ។ មនុស្សក៏ចាប់ផ្តើមទៅលេងប្រទេសចិនដែរ ដូច្នេះទស្សនវិស័យនៃការធ្វើដំណើរ និងទេសចរណ៍របស់ប្រទេសចិនគឺល្អណាស់”។
លោកស្រីបានបន្ថែមថា “យើងកំពុងរំពឹងថា ក្នុងរយៈពេលចន្លោះពី៣ទៅ៥ឆ្នាំខាងមុខ ប្រទេសចិននឹងក្លាយជាទីផ្សារនៃការធ្វើដំណើរ និងទេសចរណ៍ដ៏ធំបំផុតរបស់ពិភពលោក… ហើយវាពិតជាអស្ចារ្យមិនគួរឱ្យជឿ”។






