ដោយ: គង់ លាងហួរ
សិង្ហបុរី: តម្លៃផ្ទះឯកជននៅក្នុងប្រទេសសិង្ហបុរី បានកើនឡើងតិចតួចនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ ដោយក្រុមអ្នកវិភាគបានព្យាករថា វានឹងមានកំណើនមធ្យមរហូតដល់ដំណាច់ឆ្នាំនេះ។
យោងតាមទិន្នន័យ ដែលចេញផ្សាយដោយអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) នៅថ្ងៃចន្ទនេះ បង្ហាញថា តម្លៃផ្ទះឯកជននៅត្រីមាសទី៣បានកើនឡើង០,៥ភាគរយ បន្ទាប់ពីធ្លាក់ចុះ០,២ភាគរយ នៅក្នុងត្រីមាសទី២ ដែលជាការធ្លាក់ចុះលើកដំបូង គិតចាប់តាំងពីត្រីមាសទីមួយ ឆ្នាំ២០២០។
ចំណែកឯ ការលក់បានធ្លាក់ចុះប្រហែល១៥ភាគរយ នៅលើមូលដ្ឋានប្រចាំត្រីមាស និងធ្លាក់ចុះប្រហែល២៦ភាគរយ នៅលើមូលដ្ឋានប្រចាំឆ្នាំ។តម្លៃអចលនទ្រព្យលំនៅដ្ឋានឯកជន ដែលមិនជាប់ដី(Non-landed)បានកើនឡើង២,១ ភាគរយ នៅត្រីមាសទី៣ បើប្រៀបធៀបនឹងការធ្លាក់ចុះ០,៦ភាគរយក្នុងត្រីមាសមុន។
កំណើននេះបណ្តាល មកពីតម្លៃអចលនទ្រព្យលំនៅដ្ឋានឯកជន ដែលមិនជាប់ដី នៅក្នុងតំបន់ជាយកណ្តាល (RCR) ដែលបានកើនឡើង២,៣% និងតម្លៃនៅខាងក្រៅតំបន់កណ្តាល (OCR) ដែលបានកើនឡើង៥,១%។
លោកស្រី Christine Sun អនុប្រធានជាន់ខ្ពស់ផ្នែកស្រាវជ្រាវ និងវិភាគរបស់ក្រុមហ៊ុនOrangeTee & Tie បានចង្អុលបង្ហាញថា “ការបើកដំណើរការលក់ថ្មីភាគច្រើន គឺស្ថិតក្នុងតំបន់OCR និង RCR កាលពីត្រីមាសមុន។ ដូច្នេះហើយ តម្លៃអចលនទ្រព្យបានកើនឡើងលឿននៅក្នុងតំបន់ទាំងពីរនេះ”៕