ដោយ: គង់ លាងហួរ
តូក្យូ: ការស្ទង់មតិរបស់ធនាគារកណ្តាលជប៉ុន បានបង្ហាញនៅថ្ងៃចន្ទនេះថា អារម្មណ៍ ឬទំនុកចិត្តធុរកិច្ចរបស់ប្រទេសជប៉ុន កាន់តែមានភាពប្រសើរឡើង ក្នុងត្រីមាសទី៣ដែលបង្ហាញថា សេដ្ឋកិច្ចប្រទេសនេះកំពុងស្ទុះងើបឡើងវិញ។
យោងតាមរបាយការណ៍ ដែលមានឈ្មោះថា Tankan របស់ធនាគារកណ្តាលជប៉ុនបានបង្ហាញថា សន្ទស្សន៍ទំនុកចិត្តរបស់ក្រុមហ៊ុនផលិតកម្មធំៗ បានកើនឡើងដល់៩ពិន្ទុ ក្នុងខែកញ្ញា ពី៥ពិន្ទុ ក្នុងខែមិថុនា បើធៀបនឹងការព្យាករណ៍ទីផ្សារជាមធ្យម៦ពិន្ទុ។ការស្ទង់មតិបានបង្ហាញទៀតថា សន្ទស្សន៍សម្រាប់ក្រុមហ៊ុនមិនមែនផលិតកម្ម បានកើនឡើងដល់២៧ពិន្ទុ ពី២៣ពិន្ទុ បើធៀបនឹងការព្យាករណ៍ទីផ្សារជាមធ្យម២៤ពិន្ទុ។ការស្ទង់មតិក៏បានបង្ហាញផងដែរថា បណ្តាក្រុមហ៊ុនធំៗរំពឹងថា នឹងបង្កើនការចំណាយមូលធន១៣,៦ភាគរយ ក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្ន ដែលនឹងត្រូវបញ្ចប់នៅខែមីនា ឆ្នាំ២០២៤ខាងមុខ។
របាយការណ៍ដែលមានឈ្មោះថា Tankan អាចនឹងត្រូវបានពិនិត្យយ៉ាងដិតដល់ ដោយក្រុមអ្នកបង្កើតគោលនយោបាយ របស់ធនាគារកណ្តាលជប៉ុន (BOJ) ដើម្បីកំណត់ថា តើធនាគារត្រូវចាប់ផ្តើមដំឡើងអត្រាការប្រាក់ដែរឬយ៉ាងណា។
សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ៤,៨ភាគរយ នៅក្នុងខែមេសាដល់ខែមិថុនា ខណៈដែលការនាំចេញដ៏រឹងមាំ បានប៉ះប៉ូវភាពទន់ខ្សោយក្នុងការប្រើប្រាស់។ ប៉ុន្តែអ្នកវិភាគរំពឹងថា សេដ្ឋកិច្ចនឹងមានការធ្លាក់ចុះតិចតួច ក្នុងត្រីមាសទី៣ ដោយសារការធ្លាក់ចុះនៃតម្រូវការសកល បានជះផលប៉ះពាល់លើការនាំចេញ៕