ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រមហ៊ុនអាកាសចរណ៍ Sky Angkor Airline នឹងធ្វើការហោះហើរត្រង់ ចេញពីសៀមរាបទៅ និងមកប្រទេសកូរ៉េនៅចុងឆ្នាំនេះ។
ក្រសួងទេសចរណ៍បញ្ជាក់ថា នេះមានសារៈសំខាន់ សម្រាប់ទេសចរណ៍ពីប្រទេសកូរ៉េ មកកាន់ខេត្តសៀមរាប និងពីខេត្តសៀមរាបទៅប្រទេសកូរ៉េ ក្នុងការផ្តល់ភាពងាយស្រួលកាន់តែច្រើន តម្លៃសមរម្យការផ្លាស់ប្តូរវប្បធម៌រវាងកូរ៉េ និងកម្ពុជា។
ក្រមហ៊ុនអាកាសចរណ៍ Sky Angkor Airline កាលពីថ្ងៃទី២៦ ខែកញ្ញាកន្លងទៅ បានផ្សព្វផ្សាយនៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា ទីបំផុតអាកាសយានដ្ឋានអន្តរជាតិ សៀមរាប អង្គរថ្មី ត្រូវបានសាងសង់រួចរាល់ហើយ។ លេខកូដ៣ថ្មី សម្រាប់អាកាសយានដ្ឋានថ្មីគឺ «SAI»ហើយក្រុមហ៊ុនអាកាសចរណ៍ Sky Angkor ចាប់ផ្តើមបើកដំណើរការជើងហោះហើរ នៅថ្ងៃទី២៨ ខែធ្នូ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ដោយហោះហើរត្រង់ពីសៀមរាប- អ៊ីនឆន់ និង អ៊ីនឆន់-សៀមរាប។
ក្រមហ៊ុនអាកាសចរណ៍ Sky Angkor Airlineបន្តថា ចំពោះកាលវិភាគនៃការហោះហើរ ក្រុមហ៊ុននេះនឹងហោះហើរជារៀងរាល់ថ្ងៃ។ អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័កបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២ ខែតុលា ថា ការណ៍នេះធ្វើឱ្យគេរំពឹងថា ទេសចរជនជាតិកូរ៉េ នឹងមកកាន់ខេត្តសៀមរាប មានចំនួនច្រើន។
លោកបានបន្តថា កូរ៉េ គឺជាទីផ្សារទេសចរណ៍១ ដ៏សំខាន់សម្រាប់កម្ពុជាដែរ ក្នុងចំណោមទីផ្សារទេសចរណ៍ធំៗទាំង១០ គឺកូរ៉េ ស្ថិតនៅក្នុងលំដាប់ទី៦ ដែលបានធ្វើដំណើរមកកម្ពុជា ក្នុងរយៈពេល៨ខែឆ្នាំ២០២៣នេះ។
លោកបញ្ជាក់ថា បើយើងមើលក្របខ័ណ្ឌ ក្នុងខេត្តសៀមរាប១ ទេសចរកូរ៉េឈរនៅលំដាប់ទី៤ បន្ទាប់ពីសហរដ្ឋអាមេរិក អង់គ្លេសនិងបារាំង។ ក្នុងរយៈពេល៨ខែនេះដែរ ទេសចរមានការកើនឡើងដែរ។ ក្នុងករណីដែលមានជើងហោះហើរត្រង់ រវាងកម្ពុជាជាមួយកូរ៉េបែបនេះ វាពិតមានសារៈសំខាន់ ក្នុងការជំរុញកំណើននេះបន្តទៀត។
ជាមួយគ្នានេះ លោក ហូ វណ្ណឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់ឱ្យដឹងថា ការហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline ទៅមកសៀមរាប និងកូរ៉េនេះដែរ ចាត់ទុកថា ជាដំណឹងល្អ១ដែរ សម្រាប់ប្រតិបត្តិករទេសចរណ៍ទាំងអស់ ក្នុងខេត្តសៀមរាប ស្របពេលរដូវទេសចរចេញដើរលេងច្រើនបានមកដល់ដែរ។
លោកបានបន្តថា យើងដឹងហើយថា ចាប់ពីខែតុលានេះទៅ ជា រដូវកាល ដែលសម្បូរអ្នកទេសចរ ជាពិសេសទេសចរអន្តរជាតិមកកម្សាន្ត នៅតាមគោលដៅទេសចរណ៍នានានៅកម្ពុជា។ ស្របគ្នានេះដែរ អ្នកទេសចរកូរ៉េ អាចនឹងមានកំណើនដែរ នៅពេលយើងមានជើងហោះហើរត្រង់បែបនេះ។លោកបន្តថា “ដូច្នេះ ប្រតិបត្តិករទេសចរណ៍យើង គួរត្រៀមលក្ខណៈឱ្យហើយ ក្នុងការផ្តល់សេវាកម្មទេសចរណ៍ ប្រកបដោយគុណភាពដល់ភ្ញៀវ”៕