ដោយ: គង់ លាងហួរ
អន្តរជាតិ: សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារពិភពលោក បានលើកឡើងកាលពីថ្ងៃចន្ទដើមសប្តាហ៍ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលចូលជាធរមានក្នុងឆ្នាំ២០២២ បានជួយធ្វើពិពិធកម្មសេដ្ឋកិច្ច និងការនាំចេញរបស់កម្ពុជា។
លោក Aaditya Mattoo ប្រធានសេដ្ឋវិទូប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិករបស់ធនាគារពិភពលោកបានអះអាងថា កិច្ចព្រមព្រៀង RCEP និងច្បាប់ថ្មីរបស់កម្ពុជាស្តីពី ការវិនិយោគបានបង្កើតលទ្ធភាពទទួលបានទីផ្សារកាន់តែច្រើន ព្រមទាំងជួយបង្កើតលំហូរពាណិជ្ជកម្ម និងការវិនិយោគថ្មីសម្រាប់កម្ពុជា។
លោកបានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយស្តីពី ការចេញផ្សាយរបាយការណ៍បច្ចុប្បន្នភាព សេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក របស់ធនាគារពិភពលោកថា វានឹងជួយកម្ពុជាក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការនាំចេញរបស់ខ្លួន ដែលពឹងផ្អែកខ្លាំងលើសម្លៀកបំពាក់គិតរហូតមកទល់ពេលនេះ។
លោក Mattoo បានស្នើឱ្យកម្ពុជាធ្វើឱ្យប្រសើរឡើងនូវកម្លាំងពលកម្មជំនាញ និងការតភ្ជាប់របស់ខ្លួន ដើម្បីទ្រទ្រង់សេដ្ឋកិច្ច និងការនាំចេញរបស់ខ្លួនក្នុងរយៈពេលយូរ។យោងតាមរបាយការណ៍បច្ចុប្បន្នភាព របស់ធនាគារពិភពលោកបានបង្ហាញថា RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ផ្សេងទៀតដែលបានផ្តល់សច្ចាប័ន បានជួយកម្ពុជាពង្រឹងការនាំចេញរបស់ខ្លួន និងទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) បន្ថែមទៀត។
យោងតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ការនាំចេញសរុបរបស់កម្ពុជាទៅកាន់បណ្តាប្រទេសសមាជិក RCEP មានទំហំទឹកប្រាក់ចំនួន៤,៥៩ពាន់លានដុល្លារអាមេរិក គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៣នេះ ដែលកើនឡើង២១ភាគរយធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
យោងតាមទិន្នន័យ របស់ធនាគារពិភពលោកបានបង្ហាញថា កិច្ចព្រមព្រៀង RCEP គ្របដណ្តប់លើប្រជាជនចំនួន២,៣ពាន់លាននាក់ គ្របដណ្តប់២៥,៨ពាន់ពាន់លានដុល្លារអាមេរិក នៃGDP សកលលោក គ្របដណ្តប់១២,៧ពាន់ពាន់លានដុល្លារ នៃពាណិជ្ជកម្មពិភពលោកលើទំនិញ និងសេវាកម្ម និងគ្របដណ្តប់៣១ភាគរយនៃលំហូរ FDI សកល។
លោកបណ្ឌិត គិន ភា បានមានប្រសាសន៍ថា កិច្ចព្រមព្រៀង RCEP បានជួយដល់ស្ថិរភាពសេដ្ឋកិច្ច របស់សមាជិករបស់ខ្លួន ជាពិសេសក្នុងអំឡុងពេល នៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក និងភាពមិនច្បាស់លាស់សកល។ លោកបានប្រាប់សារពត៌មាន Xinhua ថា “RCEP មានសក្តានុពលដ៏អស្ចារ្យ ក្នុងការបង្កើតអត្ថប្រយោជន៍ ជាក់ស្តែងសម្រាប់សមាជិកទាំងអស់របស់ខ្លួន ហើយតំបន់អាស៊ាន នឹងអាចទាញយកអត្ថប្រយោជន៍រយៈពេលវែង ពីកតិកាសញ្ញាពាណិជ្ជកម្មនេះ”។លោកបណ្ឌិត គិន ភា ជឿជាក់ថា “កិច្ចព្រមព្រៀង RCEP នឹងជួយប្រែក្លាយតំបន់អាស៊ាន ទៅជាក្បាលម៉ាស៊ីនថ្មី នៃកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ី”៕