ដោយៈ គង់ សូរិយា
ភ្នំពេញៈ ខណៈមានការផ្សព្បផ្សាយព័ត៌មាន មិនល្អពីកម្ពុជា ទាក់ទងនឹងសារព័ត៌មានជប៉ុន និងភាពយន្ត “No More Bets”បានធ្វើឲ្យវិស័យទេសចរណ៍កម្ពុជារងផលប៉ះពាល់យ៉ាងខ្លាំង។ប៉ុន្តែក្រសួងនេះ បាននិងកំពុងជំរុញឱ្យកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ មានសុវត្ថិភាព និងមានភាពកក់ក្តៅ ដើម្បីបង្កើនការទាក់ទាញដល់ភ្ញៀវទេសចរ។
នៅឆ្នាំ២០២៣ កម្ពុជាហាក់មានក្តីរំពឹងខ្ពស់ ចំពោះទេសចរចិន ដោយកាលពីខែកុម្ភៈដើមឆ្នាំនេះ ក្រសួងទេសចរណ៍ និងអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ បានចាប់ផ្តើមទទួលដោយផ្ទាល់នូវអ្នកទេសចរចិនចំនួន១២៥នាក់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលជាការមកដល់របស់ទេសចរចិន ជាលើកដំបូងពីទីក្រុងប៉េកាំង បន្ទាប់ពីចិនបើកប្រទេសឡើងវិញ ពីផែនការសូន្យកូវីដ(zero-covid)និងជាជើងទី២ បន្ទាប់ពីការមកដល់របស់ទេសចរចិន នៃខេត្តយូណាន នៅខេត្តព្រះសីហនុ កាលពីចុងខែមករា ឆ្នាំ២០២៣។
ប៉ុន្តែអ្វីៗមិនដូចការរំពឹងទុកនោះទេ ដោយភ្ញៀវទេសចរណ៍ចិនបានបង្វែរទិសចេញពីកម្ពុជា បន្ទាប់ពីពួកគេបានទស្សនា និងបានដឹងពីបញ្ហានៅកម្ពុជា ដែលត្រូវបានបំប៉ោងដោយប្រព័ន្ឋផ្សព្វផ្សាយ។ជាក់ស្តែង កាលពីដើមខែកញ្ញា ឆ្នាំ២០២៣ថ្មីៗនេះ សារព័ត៌មានដ៏ល្បីរបស់ជប៉ុន Nekkei បានចុះផ្សាយអត្ថបទមួយ មានចំណងជើងថា Cambodia’s ‘scamdemic’ reputation scares off travelers from China» ដែលមានន័យជាភាសាខ្មែរថា «កេរ្តិ៍ឈ្មោះរបស់កម្ពុជា ទាក់ទងនឹងការឆបោក តាមអ៊ីនធឺណិតបានធ្វើឱ្យអ្នកធ្វើដំណើរ មកពីប្រទេសចិន មានការភ័យខ្លាច។
ស្របពេលជាមួយគ្នានោះដែរ ក៏មានការចាក់បញ្ចាំងភាពយន្តចិន រឿង “No More Bets” ដែលប្រែថា សូមបញ្ឈប់ការភ្នាល់ ។ បើតាមសារព័ត៌មានអន្តរជាតិធំៗនានាបញ្ជាក់ថា សាច់រឿងនេះ គេបានផលិតឡើង ដោយផ្អែកលើរឿងពិត ដែលបានកើតមានឡើងចំនួនជាង១០ម៉ឺនករណី ដែលជាករណីអាចត្រូវបានគេបង្ខំ ឱ្យធ្វើការបោកបញ្ឆោតតាមប្រព័ន្ធអនឡាញនៅកម្ពុជា។
អត្ថបទព័ត៌មាន និងភាពយន្តនេះ បានធ្វើឱ្យកម្ពុជា ជាប់ឈ្មោះមិនល្អ និងត្រូវបានអ្នកជំនាញក្នុងវិស័យទេសចរណ៍ក្នុងស្រុករួមទាំងប្រជាជនកម្ពុជា យល់ឃើញថា វាបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ជាពិសេសប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍កម្ពុជា។ តើវាពិតជាបានធ្វើឱ្យវិស័យទេសចរណ៍នៅទ្រឹង ឬធ្លាក់ចុះទេ? ហើយវាជាការពិតទេ ដែលថាប្រទេសកម្ពុជា បានបណ្តោយឱ្យកើតមានករណីឆបោក តាមប្រព័ន្ធអនឡាញ ដូចការផ្សព្វផ្សាយទាំងនោះ?។
លោកស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានអះអាងថា “ករណីទាំងនោះកើតមានមែន តែមិនមែនជាការពិតទាំងស្រុងនោះទេ”។លោកថ្លែងថា ថ្វីដ្បិតតែនៅដើមឆ្នាំ២០២៣កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាស ចំនួនជាង៣លាននាក់ កើនឡើងជាង១៨០ភាគរយមែន បើធៀបទៅនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២ ប៉ុន្តែនៅតែមានបញ្ហាប្រឈមមួយចំនួន ដែលទាក់ទងនឹងការផ្សព្វផ្សាយកេរ្តិ៍ឈ្មោះមិនល្អរបស់កម្ពុជា។ លោកសិរីវុត្ថា និយាយថា ថ្វីដ្បិតតែរបាយការណ៍នៃចំនួនអ្នកដំណើរមានការកើនឡើងក៏ពិតមែន តែមិនទាន់មានភាពវិជ្ជមានច្រើននៅឡើយទេ ដោយសារតែថ្មីៗនេះ មានការផ្សព្វផ្សាយពីសារព័ត៌មានបរទេសមួយចំនួនថា កម្ពុជាជាជម្រកសម្រាប់ក្រុមឆបោក តាមអ៊ីនធឺណិត ដែលមានការចាប់ជំរិតមនុស្សជាដើម។ លោកបញ្ជាក់ថា ការលើកឡើងរបស់សារព័ត៌មានបរទេស ទាំងនេះ ធ្វើឱ្យយើងមានការព្រួយបារម្ភ ហើយនេះគឺជាបញ្ហាប្រឈមរបស់យើង ដែលត្រូវគិតគូរដោះស្រាយ ប៉ុន្តែការពិតមិនដូចការចុះផ្សាយទាំងស្រុងនោះទេ។ ក្រសួងទេសចរណ៍ ដែលជាក្រសួងសាមី ហាក់មិនបានទទួលស្គាល់ថា ការផ្សព្វផ្សាយព័ត៌មានទាំងនោះ ក៏ដូចជាភាពយន្តចិននោះ ថាធ្វើឱ្យប៉ះពាល់ដល់កំណើន ទេសចររបស់កម្ពុជានោះទេ។
អ្នកនាំពាក្យក្រសួងទេសចរណ៍លោក តុប សុភ័ក បានប្រាប់ថា រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថ្មី មានចក្ខុវិស័យ ក្នុងការរួមចំណែកលើកកម្ពស់កិត្យានុភាពកម្ពុជា ជាពិសេសការជំរុញឱ្យកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ មានសុវត្ថិភាព និងភាពកក់ក្តៅ តាមរយៈគំនិតផ្តួចផ្តើមការបង្កើន៥ (Five Build)។ការបង្កើនទាំង៥នោះរួមមាន ទី១ បង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រងកិត្តិនាមរបស់កម្ពុជា ទី២ បង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយទាក់ទាញទេសចរ ទី៣ បង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រងនិងសម្របសម្រួលកិច្ចការផ្ទៃក្នុង ទី៤ បង្កើនប្រសិទ្ធភាព នៃការអភិវឌ្ឍផលិតផលទេសចរណ៍ ដែលមានស្រាប់ និងពង្រីកផលិតផលទេសចរណ៍ថ្មីៗ និងទី៥ ការបង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍធនធាន និងគោលដៅទេសចរណ៍ឱ្យមានភាពប្រកួតប្រជែងខ្ពស់។
លោក តុប សុភ័ក បានបន្តថា ការផ្សព្វផ្សាយពីកម្ពុជា ជាគោលដៅទេសចរណ៍ដែលទាក់ទាញ និងមានភាពកក់ក្តៅ និងសុវត្ថិភាពនេះ មិនមែនមានតែក្រសួងទេសចរណ៍ទេ ដែលត្រូវធ្វើការងារនេះ គឺគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវតែចូលរួម រួមទាំងប្រជាពលរដ្ឋខ្មែរផងដែរ ជាពិសេសអ្នកបង្កើតមាតិកានៅលើបណ្តាញសង្គម។
លោកបញ្ជាក់ថា “យើងគ្រោងនឹងផ្សព្វផ្សាយ ពីគោលដៅទេសចរណ៍ ដែលមានភាពទាក់ទាញ និងលំហូរទេសចរទៅកាន់គោលដៅទេសចរណ៍ទាំងអស់ រួមជាមួយការធ្វើបទសម្ភាសន៍ បទយកការណ៍ ជាមួយនឹងអ្នកវិនិយោគក្នុងវិស័យទេសចណ៍ ធ្វើយ៉ាងណាបង្កើនបរិយាកាសល្អ ដើម្បីបង្ហាញថា កម្ពុជាមានសុវត្ថិភាពក្នុងការដើរកម្សាន្ត និងដើម្បីបន្សាបឥទ្ធិពលនៃព័ត៌មាន អវិជ្ជមានទាំងនោះ។
បើតាមអ្នកនាំពាក្យក្រសួងទេសចរណ៍ ក្រសួងមានផែនការ ក្នុងការធ្វើទំនាក់ទំនង ជាមួយទីភ្នាក់ងារទេសចរណ៍បរទេស ជាពិសេសក្រុមហ៊ុនទេសចរចិន ទាំងក្នុងនិងក្រៅប្រទេស ធ្វើយ៉ាងណាផ្សព្វផ្សាយតាមគ្រប់មធ្យោបាយ ដូចជា តាមរយៈការសហការជាមួយInfluencer, Vlogger , YouTube, ដើម្បីបង្ហាញថា កម្ពុជាជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព និងមានភាពកក់ក្តៅ។
ចំណែកវិស័យឯកជន ផ្នែកទេសចរណ៍ បានមើលឃើញថា បញ្ហាការបោកប្រាស់តាមអ៊ីនធឺណិត ទំនងជាមានផលប៉ះពាល់អវិជ្ជមានខ្លាំងលើភ្ញៀវទេសចរពីប្រទេសចិន ខណៈដែលការចេញផ្សាយខ្សែភាពយន្តចិន “No More Bets” បានបង្កើនការយល់ដឹងជាសាធារណៈនៅក្នុងប្រទេសចិន ពីក្រុមឆបោកតាមអ៊ីនធឺណិត ដែលមានមូលដ្ឋាននៅអាស៊ីអាគ្នេយ៍ ដូចជា កម្ពុជាជាដើម ថា ជាគោលដៅគ្មានសុវត្ថិភាព។ លោក តុប សុភ័ក បានបន្តថា ការផ្សព្វផ្សាយពីកម្ពុជា ជាគោលដៅទេសចរណ៍ដែលទាក់ទាញ និងមានភាពកក់ក្តៅ និងសុវត្ថិភាពនេះ មិនមែនមានតែក្រសួងទេសចរណ៍ទេ ដែលត្រូវធ្វើការងារនេះ គឺគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវតែចូលរួម រួមទាំងប្រជាពលរដ្ឋខ្មែរផងដែរ ជាពិសេសអ្នកបង្កើតមាតិកានៅលើបណ្តាញសង្គម។
លោកបញ្ជាក់ថា យើងគ្រោងនឹងផ្សព្វផ្សាយ ពីគោលដៅទេសចរណ៍ ដែលមានភាពទាក់ទាញ និងលំហូរទេសចរទៅកាន់គោលដៅទេសចរណ៍ទាំងអស់ រួមជាមួយការធ្វើបទសម្ភាសន៍ បទយកការណ៍ ជាមួយនឹងអ្នកវិនិយោគក្នុងវិស័យទេសចណ៍ ធ្វើយ៉ាងណាបង្កើនបរិយាកាសល្អ ដើម្បីបង្ហាញថា កម្ពុជាមានសុវត្ថិភាព ក្នុងការដើរកម្សាន្ត និងដើម្បីបន្សាបឥទ្ធិពលនៃព័ត៌មាន អវិជ្ជមានទាំងនោះ។
បើតាមអ្នកនាំពាក្យក្រសួងទេសចរណ៍ ក្រសួងមានផែនការក្នុងការធ្វើទំនាក់ទំនង ជាមួយទីភ្នាក់ងារទេសចរណ៍បរទេស ជាពិសេសក្រុមហ៊ុនទេសចរចិន ទាំងក្នុងនិងក្រៅប្រទេស ធ្វើយ៉ាងណាផ្សព្វផ្សាយតាមគ្រប់មធ្យោបាយ ដូចជា តាមរយៈការសហការជាមួយInfluencer, Vlogger , YouTube, ដើម្បីបង្ហាញថា កម្ពុជាជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព និងមានភាពកក់ក្តៅ។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីបាស៊ីហ្វិក(PATA) បានអះអាងថា បញ្ហានេះ វាអាចរារាំងភ្ញៀវទេសចរចិនមកទស្សនាប្រទេសកម្ពុជា ដែលនឹងអាចនាំឱ្យប្រាក់ចំណូលទេសចរណ៍ធ្លាក់ចុះ។លោកបន្តថា កេរ្តិ៍ឈ្មោះរបស់កម្ពុជា ទាក់ទងកាផ្សាយរបស់ព័ត៌មានបរទេសថា ជាជម្រកសម្រាប់ក្រុមឆបោកតាមអ៊ីនធឺណិត ការចាប់ជំរិតមនុស្ស និងការបង្ខាំងមនុស្ស ជាដើម នេះបានធ្វើឱ្យប៉ះពាល់ខ្លាំងណាស់ ដល់ការវិលត្រឡប់មកនៃភ្ញៀវទេសចរបរទេស កុំថាឡើយតែភ្ញៀវអឺរ៉ុប សូម្បីតែភ្ញៀវក្នុងតំបន់អាស៊ានក៏ប៉ះពាល់ខ្លាំងដែរ។ លោកបានបញ្ជាក់ថា ទេសចរដែលមកពីម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងបណ្តាប្រទេសមួយចំនួនទៀត ហាក់មានការព្រួយបារម្ភខ្លាំង ចំពោះសុវត្ថិភាពរបស់ពួកគេ ដោយសារព័ត៌មាននៃការចាប់ជំរិតនេះ មានលក្ខណៈទូលំទូលាយពេក។ កម្ពុជាយើងត្រូវធ្វើកិច្ចការច្រើនណាស់ ដើម្បីបន្សាបនូវព័ត៌មានទាំងអស់នោះ ដើម្បីកសាងទំនុកចិត្តរបស់អ្នកធ្វើដំណើរអន្តរជាតិឡើងវិញមកលើកម្ពុជា។
ចំណែក លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរយល់ឃើញថា កម្ពុជាគួរធ្វើអ្វីម្យ៉ាង ដើម្បីលុបលាងនូវព័ត៌មានមិនល្អទាំងអស់នោះ ដែលអាចរៀបចំជាសន្និសីទសារព័ត៌មានមួយ ឬក៏ប្រើប្រាស់ឱកាស នៃការរៀបចំព្រឹត្តិការណ៍ទេសចណ៍នានា ច្រានចោលនូវព័ត៌មានអវិជ្ជមានទាំងអស់។លោកស្រីបន្តថា បើសិនជាយើងមិនធ្វើអីសោះ នោះនឹងអាចត្រូវបានគេចាត់ទុកថា ជាការពិត ដែលវាអាចធ្វើឱ្យទេសចរអន្តរជាតិ មិនជ្រើសរើសកម្ពុជា ជាគោលដៅទេសចរណ៍របស់ពួកគេ នៅក្នុងរយៈពេលនេះ”។
អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ស៊ុំ ម៉ាប់ បានអះអាងថា ក្រសួងបានស្នើសុំកិច្ចអន្តរាគមន៍ទៅភាគីចិនរួចហើយ ដោយលោកទទួលស្គាល់ថា រឿងចិន “No More Bets” បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍កម្ពុជា ខណៈដែលរឿងនេះ ផលិតឡើង ដោយគ្មានការពិភាក្សាជាមួយភាគីកម្ពុជានោះទេ។
លោកបញ្ជាក់ថា “ទឹកដីនៃប្រទេសកម្ពុជា មិនមែនដូចអត្ថន័យក្នុងកុន ដែលផលិតដោយប្រទេសដទៃនោះទេ។ ក្រសួងវប្បធម៌បានមានចំណាត់ការ ដោយបានសហការជាមួយក្រសួងការបរទេសលើបញ្ហានេះ មុនពេលដែលផ្ទុះរឿងនេះ នៅតាមបណ្តាញសង្គមទៅទៀត។ លោកបញ្ជាក់ថា ក្រសួងវប្បធម៌ នឹងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដោយស្នើទៅស្ថានទូតចិនឱ្យពិចារណា ទប់ស្កាត់កុំឱ្យមានការផ្សព្វផ្សាយភាពយន្តនេះ នៅលើប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមនានា ព្រោះថា មិនត្រឹមតែកម្ពុជាទេ ដែលរងផលប៉ះពាល់ដោយភាពយន្តនោះ សូម្បីបណ្តាប្រទេសផ្សេងទៀត នៅតំបន់អាស៊ាន ក៏ប៉ះពាល់ដូចគ្នា។
យោងតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានលើកឡើងពីការគ្រប់គ្រងធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងទេសចរណ៍ប្រកដោយចីរភាព ដោយក្នុងនោះគោលដៅជាយុទ្ធសាស្រ្ត គឺការផ្តោតលើការអភិរក្សដើម្បីអភិវឌ្ឍសំដៅ លើកកម្ពស់វិភាគទានកិច្ចការនេះ ចំពោះការអភិវឌ្ឍកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍។
ការពង្រឹងការគ្រប់គ្រងធនធានរ៉ែ ការធានាចីរភាពធនធានព្រៃឈើ ជលផល និងគុណភាពដី ព្រមទាំងការការពារ ការអភិវឌ្ឍ និងការទាញយកប្រយោជន៍ ឱ្យអស់សក្តានុពលពីបេតិកភណ្ឌវប្បធម៌ និងទេសចរណ៍ប្រកបដោយចីរភាព។ ក្នុងនេះដែរ រាជរដ្ឋាភិបាល ក៏លើកឡើងពីការជំរុញការអភិវឌ្ឍជីវភាពប្រជាសហគមន៍ ក្នុងតំបន់ការពារធម្មជាតិ ដោយផ្សារភ្ជាប់ទៅនឹងទេសចរណ៍ តាមរយៈការប្រែក្លាយតំបន់ការពារធម្មជាតិ ដោយផ្សារភ្ជាប់ទៅនឹងតំបន់ទេសចរណ៍ ការពង្រឹងសមត្ថភាពសហគមន៍ព្រៃឈើ សហគមន៍តំបន់ការពារធម្មជាតិ និងសហគមន៍នៅក្បែរតំបន់ការពារធម្មជាតិ និងសមភាពនៃការបែងចែកប្រយោជន៍៕