ដោយៈ គង់ សូរិយា
ភ្នំពេញៈ គម្រោងវិនិយោគចំនួនជិត៣០ ដែលមានទុនវិនិយោគជាង២៥០លានដុល្លារ និងបង្កើតការងារបានជាង២៧ពាន់កន្លែង ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឱ្យវិនិយោគក្នុងខែកញ្ញា ឆ្នាំ ២០២៣នេះ។ ក្នុងចំណោមគំរោងវិនិយោគទាំងនោះ មានគំរោងចំនួន៩ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស។ នេះបើយោងតាម CDC។
យោងតាមការគណនាបានបង្ហាញថា ក្នុងខែកញ្ញា ឆ្នាំ ២០២៣ មានគម្រោងវិនិយោគចម្រុះចំនួន២៦ ដែលមានទុនវិនិយោគសរុប ២៥៦,៦៥លានដុល្លារ និងបង្កើតការងារបាន ២៧,២៦២ កន្លែង ត្រូវបាន CDC អនុម័តឱ្យវិនិយោគនៅកម្ពុជា។
គម្រោងចំនួន៩ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច នៃខេត្តព្រះសីហនុ និងស្វាយរៀង ខណៈក្រៅពីនោះ ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសដូចជា ក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ តាកែវ ព្រះសីហនុ ក្រចេះ កណ្តាល និងកំពង់ចាម។ គម្រោងវិនិយោគ ដែលមានទុនវិនិយោគច្រើន គឺគម្រោងអភិវឌ្ឍន៍អនុស្ថានីយ និងខ្សែបញ្ជូនថាមពលអគ្គិសនី តង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុល ពីខេត្តកំពង់ចាម ទៅខេត្តក្រចេះ និងគម្រោងបង្កើតរោងចក្រផលិតដែក គ្រប់ប្រភេទនៅខេត្តព្រះសីហនុ។គម្រោងទាំងនោះមានដូចជា បណ្តាញចែកចាយអគ្គិសនី អំពូលភ្លើង ដែកខ្សែភ្លើង កាត់ដេរ គ្រឿងសង្ហារិម ចំណីសត្វ សម្ភារវេចខ្ចប់ កេះកាតុង, និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ជាដើម។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ាលឹម ហេង បានមានប្រសាសន៍ថា ការទទួលបានគម្រោងវិនិយោគថ្មីៗ ជាបន្តបន្ទាប់នេះបញ្ជាក់ថា កម្ពុជាកំពុងក្លាយជាប្រទេស ដែលមានសក្តានុពលគ្រប់គ្រាន់ ក្នុងការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិឱ្យមកបណ្តាក់ទុន ខណៈក្រៅពីមានច្បាប់វិនិយោគល្អប្រសើរកម្ពុជា ក៏បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយប្រទេសជាច្រើន ដើម្បីបើកទីផ្សារនាំចេញឱ្យកាន់តែធំ និងមានលក្ខខណ្ឌពិសេស(ពន្ធ)ផងដែរ។
លោកបន្តថា នៅពេលចង្វាក់ផលិតកម្ម និងអាជីវកម្មក្នុងស្រុកកាន់តែរីកចម្រើន គឺមិនត្រឹមតែជួយលើកកម្ពស់សមត្ថភាព និងមុខមាត់ប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយឱ្យកម្ពុជាកាត់បន្ថយ ការពឹងផ្អែកលើផលិតផលនាំចូលផងដែរ៕