ដោយ: គង់ លាងហួរ
ភ្នំពេញ: ក្រុមហ៊ុនរុករករ៉ែរបស់អូស្ត្រាលី Renaissance Minerals (Cambodia) Limited ជាក្រុមហ៊ុនដំបូងគេ ដែលចាប់ផ្តើមធ្វើអាជីវកម្មរ៉ែមាស ជាលក្ខណៈឧស្សាហកម្មលំដាប់អន្តរជាតិ នៅកម្ពុជា។
រោងចក្រដែលប្រតិបត្តិការ ដោយក្រុមហ៊ុនរបស់អូស្ត្រាលីមួយនេះ អាចផលិតមាសសុទ្ធបានប្រមាណ៣តោនក្នុង១ឆ្នាំ ដែលរំពឹងថា នឹងអាចផ្តល់ចំណូលដុល ជាមធ្យម១៨៥លានដុល្លារក្នុង១ឆ្នាំ។
ក្រសួងរ៉ែ និងថាមពល គឺជាអង្គភាពដែលទទួលបន្ទុកការផ្តល់អាជ្ញាប័ណ្ណ និងថ្លៃសេវាកម្ម។ ក្រុមហ៊ុនធំៗដែលជាប់ពាក់ព័ន្ធក្នុងវិស័យរ៉ែមាសរួមមាន ក្រុមហ៊ុន Southern Gold (ASX:SAU) ក្រុមហ៊ុន Angkor Gold (TSXV:ANK) ក្រុមហ៊ុន Renaissance Minerals Limited (ASX: RNS) ក្រុមហ៊ុន MESCO Gold Cambodia និងក្រុមហ៊ុន Geopacific Resources (ASX:GPR)។ការវិនិយោគគួរឱ្យកត់សម្គាល់ក្នុងការរុករករ៉ែ បានចាប់ផ្តើមបន្ទា ប់ពីឆ្នាំ២០០៦-២០០៧ ខណៈមាសត្រូវបានរកឃើញនៅក្នុងខេត្តជាច្រើននៃប្រទេសកម្ពុជា ដែលភាគច្រើនស្ថិតនៅភាគខាងជើង។
បច្ចុប្បន្ននេះមានក្រុមហ៊ុន៧ ដែលទទួលបានអាជ្ញាប័ណ្ណរុករករ៉ែមាសពីរាជរដ្ឋាភិបាល ដោយបានរុករករ៉ែមាសនៅខេត្តចំនួន៤ រួមមាន នៅខេត្តមណ្ឌលគិរី រតនគិរី បាត់ដំបង និងព្រះវិហារ។ នេះបើយោងតាមសារពត៌មាន ក្នុងស្រុកចុះផ្សាយកាលពីចុងខែមករា កន្លងទៅ។ធនធានរ៉ែមាស គឺជាឧស្សាហកម្មថ្មីមួយ ដែលកម្ពុជាទើបទទួលបានអត្ថប្រយោជន៍ពីធនធាននេះ គឺបន្ទាប់ពីក្រុមហ៊ុនឯកជនបានធ្វើការវិនិយោគយ៉ាងច្រើន ក្នុងការររុករកដែលធ្វើឱ្យចំណូលពន្ធ និងសួយសារពីធនធាននេះនៅមានកម្រិតតិចតួច។
ចំណូលពីធនធានរ៉ែនេះ គឺកម្ពុជាទទួលបានមិនទាន់ច្រើនប៉ុន្មាននោះទេ ដោយសារថ្លៃវិនិយោគវាច្រើន។ដូច្នេះការទទួលបានចំណូលនេះទាមទាររយៈពេលវែង ហើយអ្នកវិនិយោគក៏ពួកគេចំណាយច្រើនលើការវិនិយោគ។
គោលដៅធំៗនៃការនាំចេញមាសពីកម្ពុជា រួមមាន ប្រទេសសិង្ហបុរី និងអូស្ត្រាលី ខណៈទីផ្សារនាំចេញមាសរបស់កម្ពុជា ដែលរីកលូតលាស់លឿនបំផុត នៅចន្លោះឆ្នាំ២០២០ ដល់ឆ្នាំ២០២១ គឺប្រទេសអូស្ត្រាលី ដែលមានទំហំទឹកប្រាក់១៩,៨លានដុល្លារ។
ទន្ទឹមគ្នានេះ ក្នុងឆ្នាំ២០២១ កម្ពុជាបាននាំចូលមាស ដែលមានតម្លៃសរុបចំនួន១០,៩ពាន់លានដុល្លារអាមេរិក ដោយក្លាយជាប្រទេសនាំចូលមាសធំជាងគេទី១០នៅលើពិភពលោក៕