ដោយ: គង់ លាងហួរ
ភ្នំពេញ: មន្ត្រីជាន់ខ្ពស់កម្ពុជា បានអះអាងកាលពីថ្ងៃអង្គារថា យានយន្តជាង៤,២លានគ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក្នុងរយៈពេល១១ខែដំបូង ចាប់តាំងពីបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីខែវិច្ឆិកា ឆ្នាំមុន។
លោកហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់សារពត៌មាន Xinhua ថា គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ ដល់ខែកញ្ញា ឆ្នាំ២០២៣ បរិមាណចរាចរណ៍សរុបនៅលើផ្លូវល្បឿនលឿនភ្នំពេញ- ព្រះសីហនុ មាន៤,២៤លានគ្រឿង។
លោកបានបន្តថា “ផ្លូវល្បឿនលឿននេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ប្រសិទ្ធភាព នៃប្រព័ន្ធធ្វើដំណើរ និងភស្តុភារក្នុងប្រទេសកម្ពុជា ហើយវាជាផ្លូវយុទ្ធសាស្ត្រ ក្នុងការជំរុញការផ្លាស់ប្តូរទេសចរណ៍ និងពាណិជ្ជកម្មជាមួយប្រទេសដទៃទៀត”។
លោកបានអះអាងថា ផ្លូវល្បឿនលឿនភ្នំពេញ- ព្រះសីហនុបាននិងកំពុងជំរុញសេដ្ឋកិច្ច ទេសចរណ៍ និងពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា ដោយសារផ្លូវនេះតភ្ជាប់រាជធានីភ្នំពេញ ជាមួយនឹងកំពង់ផែសមុទ្រធំបំផុតរបស់យើង។អ្នកនាំពាក្យរូបនេះបានឱ្យដឹងទៀតថា ការធ្វើដំណើរលើផ្លូវល្បឿនលឿន បានជួយសន្សំសំចៃប្រេង និងពេលវេលា ព្រមទាំងមានសុវត្ថិភាពជាងការធ្វើដំណើរលើផ្លូវធម្មតា។លោកហ៊ាង សុទ្ធាយុត្តិ បានបន្តថា ផ្លូវល្បឿនលឿននេះ គឺជាផ្លែផ្កាមួយ នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI)។
ដោយសារមានគន្លងចំនួន២ សម្រាប់ចរាចរណ៍ក្នុងទិសដៅនីមួយៗ បូករួមនឹងគន្លងសង្គ្រោះបន្ទាន់នៅអមសងខាង និងក្រាលបេតុងកៅស៊ូ យានជំនិះនឹងអាចទៅដល់គោលដៅ ក្នុងរយៈពេល២ម៉ោងតាមរយៈផ្លូវល្បឿនលឿនជំនួសឱ្យរយៈពេល៥ម៉ោង តាមរយៈការធ្វើដំណើរនៅលើផ្លូវជាតិលេខ៤៕