ដោយៈ ជេស៊ីកា
ភ្នំពេញៈ ក្រុមការងារឯកជនផ្នែកវិស័យទេសចរណ៍ បានស្នើនិងទទូចឲ្យរដ្ឋាភិបាលអន្តរាគមន៍ជាបន្តទៀត ដើម្បីបញ្ឈប់ការចាក់ផ្សាយរឿង “No More Bets” និងសារព័ត៌មានដទៃទៀត ដែលបាននិងកំពុងធ្វើឲ្យប៉ះពាល់ដល់កេរ្ត៍ឈ្មោះកម្ពុជាយ៉ាងធ្ងន់ធ្ងរ។
ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកហូ វណ្ឌីបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាម កាលពីល្ងាចថ្ងៃទី៣ តុលាថា ក្នុងនាមអ្នកប្រកបរបររកទទួលទាន លើវិស័យទេសចរ ណ៍ និងសមាគម សូមស្នើរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ឋជួយដោះស្រាយបញ្ហានេះឲ្យបានឆាប់រហ័ស ដើម្បីបញ្ឈប់ការផ្សព្វផ្សាយវីដេអូនេះទៅកាន់ពិភពលោក។ លោកបន្តថា “នេះជាករណីធ្ងន់ធ្ងរបំផុត ដែលរដ្ឋាភិបាលគួរមានអន្តរាគមន៍ និងចំណាត់ការបន្ទាន់បន្ថែមទៀត”។
លោកបានលើកពីផលអវិជ្ជមានចំនួន៥ ទាក់ទងនឹងការផ្សព្វផ្សាយលើរឿងនេះ ដែលចំណុចអវិជ្ជមានទាំងនោះ រួមមាន ទី១-ប៉ះពាល់ដល់កិត្តិយស និងកិតិស័ព្ទរបស់ប្រទេសកម្ពុជា ទី២ -វាបង្កើនការម៉ាក់ងាយ និងភ័យខ្លាចចំពោះពលរដ្ឋកម្ពុជា ទី៣- ការទប់ស្កាត់ពលរដ្ឋដែលបានមើលរឿងនោះមិនមកកម្ពុជា ទី៤- បាត់បង់ចំណូលទេសចរណ៍ ដល់អ្នកប្រកបអាជីពនិងអ្នកបម្រើសេវាកម្ម និងទី៥- រដ្ឋបាត់បង់ពន្ធពីវិស័យទេសចរណ៍។
ជាមួយគ្នានេះ លោកធួន ស៊ីណានប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក(PATA)បានលើកឡើងផងដែរថា រឿង No More Bets ជាបញ្ហាធំណាស់ ប៉ុន្តែកន្លងមកក៏មានបញ្ហា ដែលសារព័ត៌មានបរទេស បានចេញនិយាយមិនល្អពីកម្ពុជាផងដែរ គឺតាំងពីចុងឆ្នាំ២០២២ តែទម្រង់នៃផលប៉ះពាល់នាពេលនោះ មិនទាន់ខ្លាំងទេ ប៉ុន្តែនៅពេលរឿង “No More Bets” ចេញមកគឺប៉ះពាល់កាន់តែធ្ងន់ធ្ងរថែមទៀត។ លោកបន្តថា “នៅតំបន់អាស៊ាន ដូចជា ប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន សឹង្ហបុរី ក៏មានបញ្ហា គឺមួយវគ្គរួចហើយ ប៉ុន្តែដល់ចេញវគ្គទី២ គឺរឿងខាងលើនេះ បានធ្វើឲ្យមានផលលំបាកធ្ងន់ធ្ងរមែនទែនសម្រាប់កម្ពុជា”។
តើអ្វីដែលគួរជាដំណោះស្រាយ? លោកធួន ស៊ីណានបានលើកពីមូលដ្ឋានសំខាន់ៗចំនួន២ ដែលគួរដោះស្រាយ ទី១ គឺបញ្ហាឧក្រិដ្ឋកម្មនៅកម្ពុជា ត្រូវតែកុំឲ្យកើតមានតទៅទៀត គឺត្រួវសំអាតពួកឧក្រិដ្ឋជនទាំងនោះ ដោយមិនត្រូវឲ្យមនុស្សមួយក្រុម បានផលប្រយោជន៍ តែប៉ះពាល់ដល់មនុស្ស១៧លាននាក់នោះទេ ទី២ យើងត្រូវបង្កើនការតស៊ូមតិ និងបង្កើនការផ្សព្វផ្សាយលើឆាកអន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងកែតម្រូវចំណុចដែលយើងខ្វះខាតកន្លងមក។
លោកបន្តថា “អ្វីត្រូវធ្វើគឺត្រូវបង្កើតការផ្សព្វផ្សាយ ចំណុចវិជ្ជមានរបស់កម្ពុជា តាមប្រព័ន្ឋឌីជីថល វាមានសារៈណាស់ ពិសេសទូតកម្ពុជា មិនគួរបន្តដេកលក់នោះទេ”។ លោកបន្តថា “យើងមិនអាចមានចំណាត់ការផ្លូវច្បាប់លើផលិតករទេ ព្រោះយើងមិនមានមូលដ្ឋានណាមួយ ក្នុងការបិទការផ្សព្វផ្សាយលើរឿងនេះទេ”។
លោកធួន ស៊ីណានបានបន្តថា ប្រទេសចិនជាមហាអំណាចមួយ ដែលមិនអាចអនុញ្ញាត្តឲ្យរឿងបែបនេះ ចេះតែចេញផ្សាយនោះទេ ព្រោះប្រទេសកុម្មុយនីស្ត ផលិតករមិនអាចចេញផ្សាយបែបនេះទេ”។ លោកបន្តថា “យើងត្រូវទ្រាំ អត់ធ្មត់លើចំណុចខ្វះខាតទាំងនេះ ហើយកែតម្រូវទៅ បើដឹងខ្លួនគឺកែតម្រួវចំណុចខ្វះខាតរបស់ខ្លួន ទើបប្រសើរ”។
ចំណែកលោកស្រីឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់សារព័ត៌មានក្នុងស្រុកមួយនៅដើមសប្តាហ៍នេះថា រដ្ឋាភិបាលគួរតែធ្វើសន្និសីទសារព័ត៌មាន ដើម្បីបំភ្លឺរឿងនេះ ព្រោះការមិនអើពើ ឬបន្តភាពស្ងប់ស្ងាត់ មានន័យថា យើងទទួលស្គាល់លើរឿងនេះ។