ប្រទេសថៃដាក់គោលដៅក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០២៧

0

        ដោយៈ គង់ ហ្វីអូណា

        បាងកកៈ នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន បានប្រកាសថា រដ្ឋាភិបាលនឹងប្រែក្លាយថៃ ទៅជាប្រទេសដែលមានចំណូលខ្ពស់នៅរយៈពេល៤ឆ្នាំបន្ទាប់។

នៅក្នុងកិច្ចប្រជុំស្តីពីគោលនយោបាយ ទាក់ទងថវិកាសារពើពន្ធឆ្នាំ ២០២៤ លោក សេដ្ឋា បាននិយាយថា រយៈពេល៤ឆ្នាំខាងមុខសេដ្ឋកិច្ចថៃ នឹងកើនឡើងជាមធ្យម៥ភាគរយក្នុងមួយឆ្នាំ​ ហើយប្រាក់ឈ្នួលប្រចាំថ្ងៃអប្បបរមា នឹងកើនដល់ចំនួន៦០០បាតក្នុងមួយថ្ងៃ (១៦,១៥ដុល្លារ) នៅឆ្នាំ ២០២៧។

ជំហានដំបូង គឺប្រាក់ឈ្នួលអប្បបរមា នឹងត្រូវបានដំឡើងបាន ៤០០បាតក្នុងមួយថ្ងៃ(១០,៧៧ដុល្លារ) ហើយប្រាក់ខែសម្រាប់និស្សិ​តទើបបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រនឹងមានចំនួន ២៥ពាន់បាតក្នុងមួយខែ(៦៧៣ដុល្លារ)។ នេះជាផ្នែកមួយ ដើម្បីឆ្ពោះទៅប្រទេសដែលមានចំណូលខ្ពស់ ខណៈដែលរដ្ឋាភិបាលថៃ អាចនឹងប្រមូលពន្ធបានច្រើនបន្ថែមទៀតពីការវិនិយោគ។

លោក សេដ្ឋា បានលើកឡើងថា ស្ថានភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់សកលបានប៉ះពាល់យ៉ាងខ្លាំង ពីជម្លោះភូមិសាស្រ្តនយោបាយ ។ លើសពីនេះ រចនាសម្ព័ន្ធនៃវិស័យផលិតកម្មថៃ កំពុងផ្តោតលើផលិត​ផលមួយចំនួន និងទីផ្សារនាំចេញដែលបានកំណត់តែបណ្ណោះ។

ប្រទេសថៃកំពុងប្រឈមមុខបញ្ហាជាច្រើន ដែលរដ្ឋាភិបាលថ្មីត្រូវដោះស្រាយតួយ៉ាង ដូចជា​ បាតុភូតគ្រោះធម្មជាតិ El Nino ដែលបានប៉ះពាល់ ដល់កសិករប្រមាណ២០លាននាក់ ខណៈកសិករមួយចំនួននៅតែជំពាក់បំណុលគេ បើទោះមានកម្មវិធីព្យួរបំណុលមួយចំនួនដែលផ្តល់ដោយរដ្ឋាភិបាលក៏ដោយ។

បន្ថែមពីនេះ ភាពចាស់យ៉ាងឆាប់រហ័ស នៃចំនួនប្រជាជនក៏បង្ហា​ញពីបញ្ហាប្រឈម និងហានិភ័យថ្មី ជាមួយនឹងផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច សមតុល្យសារពើពន្ធ និងសុខភាព។

ក្នុងរយៈពេលខ្លី រដ្ឋាភិបាលថៃនឹងផ្តល់អាទិភាព ​ដល់ការបង្កើនប្រាក់ចំណូល កាត់បន្ថយការចំណាយ និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ។ វិធានការដ៏លេចធ្លោមួយរបស់រដ្ឋាភិបាលថៃ គឺគម្រោងផ្តល់ប្រាក់ឌីជីថល១០ពាន់បាត (២៧០ដុល្លារ) សម្រាប់មនុស្សម្នាក់ចាប់ពីអាយុ១៦ឆ្នាំ នឹងអាចជំរុញទាំងតម្រូវការ និងការផ្គត់ផ្គង់ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចក្នុងស្រុក ។

ជុំវិញវិស័យទេសចរណ៍ ថៃគ្រោងនឹងអនុវត្តកម្មវិធីគ្មានទិដ្ឋាការដូចដែលបានអនុវត្តន៍ ចំពោះប្រជាជនចិន និងកាហ្សាក់ស្ថានកន្លងមកដើម្បីពន្លឿនការអភិវឌ្ឍតំបន់ទេសចរ។

ចំណែកការកាត់បន្ថយថ្លៃចំណាយប្រចាំថ្ងៃ គណៈរដ្ឋមន្រ្តីថៃបានអនុម័តរួចហើយ ដូចជា កាត់បន្ថយថ្លៃថាមពល ជាពិសេសប្រងម៉ាស៊ូតមកត្រឹម ៣០បាត(០,៨១ដុល្លារ)ក្នុងមួយលីត្រ និងភ្លើងអគ្គិសនី ៣,៩៩បាត (០,១១ដុល្លារ) ក្នុងមួយគីឡូវ៉ាត់ម៉ោង រួមទាំងផែនការកាត់បន្ថយថ្លៃហ្គាស។

លើសពីនេះ ថៃបានអនុម័តគម្រោងការផ្អាក សងបំណុលរបស់កសិករចំនួន ២,៧លាននាក់។ ក្រៅពីការព្យួរបំណុល រដ្ឋាភិបាលនឹងលើកកម្ពស់ការច្នៃប្រឌិត ដើម្បីបង្កើនប្រាក់ចមណូល ដល់កសិករដោយកាត់បន្ថយថ្លៃដើមការផលិតជីជាដើម។

បន្ថែមពីនេះ ថៃគ្រោងអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ជាពិសេសឧស្សាហកម្ម ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប និងគ្រោងនឹងសាងសង់ព្រលានយន្តហោះបន្ថែមទៀត ដើម្បីគាំទ្រដល់វិស័យទេសចរណ៍ ជាពិសេសតភ្ជាប់ផ្លូវរថភ្លើងជាមួយចិន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here