ដោយ: គង់ លាងហួរ
ភ្នំពេញ: សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា រដ្ឋាភិបាលបានបញ្ចេញថវិកាចំនួន១,២ពាន់លានដុល្លារអាមេរិក ដើម្បីជួយដល់ជនក្រីក្រ និងជនងាយរងគ្រោះ នៅក្នុងប្រទេសគិតចាប់តាំងពីឆ្នាំ២០១៩មក។
នេះបើយោងតាមសារពត៌មានចិន Xinhua បានចុះផ្សាយកាលពីថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣។កម្ពុជាបានផ្តល់អំណោយជាសាច់ប្រាក់ ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៩ ដល់ជនក្រីក្រ និងងាយរងគ្រោះ ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-19 ចាប់តាំងពីឆ្នាំ២០២០ និងដល់គ្រួសារដែលរងផលប៉ះពាល់ ដោយសារសម្ពាធអតិផរណាចាប់តាំងពីឆ្នាំ២០២២។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសុន្ទរកថា ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មកររោងចក្រកាត់ដេរ ជាច្រើនពាន់នាក់ក្នុងរាជធានីភ្នំពេញថា “រហូតមកដល់ពេលនេះ រដ្ឋាភិបាលបានផ្តល់ជំនួយជាសាច់ប្រាក់ សរុបចំនួន១,២ពាន់លានដុល្លារ ដល់ប្រជាពល រដ្ឋប្រមាណ៤,៨លាននាក់ ហើយកម្មវិធីទាំងនេះនឹងនៅតែបន្ត”។






