ដោយៈ គង់ សូរិយា
ភ្នំពេញៈ អ្នកអភិវឌ្ឍន៍ដីឡូត៏ធំៗ ដែលមានមូលដ្ឋានទុនរ៉ឹងមាំបានចាប់ផ្តើមប្រែក្លាយ គំរោងរបស់ពួកគេជារមណីយដ្ឋាន និងទីកន្លែងកំសាន្តផ្សេងៗ ដើម្បីទទួលបានការគាំទ្រក្នុងទីផ្សារ។
លោកឧកញ៉ាម៉ន សុខាប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៏កម្ពុជាបានមានប្រសាសន៍កាលពីសប្តាហ៍មុនថា ម្ចាស់គំរោងដីឡូត៏ ដែលដំណើរការបានរហូតមកដល់បច្ចុប្បន្ននេះ បានផ្តោតលើការរៀបចំគំរោងរបស់ពួកគេជារមណីយដ្ឋាន ភោជនីយដ្ឋាន និងសេវាកម្មកំសាន្តផ្សេងៗ ដើម្បីទាក់ទាញការលក់គំរោងរបស់ពួកគេ។ លោកបន្តថា “ការរៀបចំបែបនេះ នឹងធ្វើឲ្យគំរោងអាចដំណើរការរកចំណូលបានផង និងអាចលក់ដីបានខ្លះៗផងដែរ”។ លោកបន្ថែមថា “ទីផ្សារដីឡូត៏ បានធ្លាក់ចុះ ប៉ុន្តែគំរោងដែលមានផែនការអភិវឌ្ឍន៍ច្បាស់លាស់ នៅតែដំណើរការបានល្អប្រសើរ”។
ជាមួយគ្នានេះ លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estate បានលើកឡើងផងដែរថា ពីមុនគម្រោងដីឡូតិ៍មានរាប់ពាន់គម្រោង ប៉ុន្តែក្រោយពីមានចំណាត់ការពីនិយ័តករអាជីវកម្មអភិវឌ្ឍន៍អចលនទ្រព្យ និងបញ្ចាំ(ន.អ.ប) គម្រោងដីឡូតិ៍ស្រពច្បាប់ក្នុងប្រទេសកម្ពុជា នៅសល់តែ៧ក្រុមហ៊ុន ដែលវាគឺជាតួលេខមួយ ដែលគួរអោយភ្ញាក់ផ្អើលខ្លាំងមែនទែន ហើយក៏ជាមូលហេតុនាំអោយប្រជាពលរដ្ឋ ងាយរងគ្រោះក្នុងការទិញដីឡូតិ៏ផងដែរ។ លោកបន្តថា “បច្ចុប្បន្ននេះ គម្រោងដែលមិនស្របច្បាប់លែងមានទៀតហើយ ជាពេលដែប្រជាពលរដ្ឋទិញដីឡូតិ៏ លែងមានបញ្ហាទៀតហើយ”។ លោកបន្ថែមថា “ខ្ញុំជឿជាក់យ៉ាងមុតមាំថា ពេលនេះគឺជាពេលម្ចាស់គម្រោងប្រកួតប្រជែង ខំប្រឹងប្រែងអភិវឌ្ឈន៏គម្រោងអោយល្អ ស្អាត មានគុណភាព និងគុណតំលៃ”។
លោកCooler Tanបានបន្ថែមទៀតថា វាក៏ជាពេលវេលាវិស័យដីឡូតិ៏ ចាប់ផ្តើមរីកចំរើនពិតប្រាកដ និងទទួលបានទំនុកចិត្តផងដែរ។ជាមួយគ្នានេះ លោកបានយល់ស្របពីគំរោងអភិវឌ្ឍន៍ដីលំហែរ ដែលអាចរស់រានបាន អាស្រ័យលើមូលដ្ឋានទុនរឹងមាំ អាស្រ័យលើផែនការអភិវឌ្ឍន៍ច្បាស់លាស់ និងរៀបចំផែនការអភិវឌ្ឍន៍បែបស្តង់ដារមណីយដ្ឋាន ទើបគំរោងរបស់ខ្លួនទទួលបានជោគជ័យ៕