Hattha top Banner

ផ្លូវជាតិ៣ខ្សែតភ្ជាប់វៀតណាម ឡាវ និងចិន គ្រោងជួសជុលកែលម្អក្រោមទុនវិនិយោគច្រើនរយលានដុល្លារ

0

ដោយៈ តែម សុខុម

ហាណូយៈ នាយកដ្ឋានផ្លូវថ្នល់វៀតណាម បានស្នើឱ្យក្រសួងដឹកជញ្ជូនជួសជុលកែលម្អផ្លូវជាតិ៣ខ្សែ ដែលតភ្ជាប់ប្រទេសវៀតណាម ជាមួយប្រទសឡាវ ភាគខាងជើង និងប្រទេសចិន ភាគខាងត្បូង។ ការកែលំអរនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងការតភ្ជាប់តាមច្រករបៀងសេដ្ឋកិច្ចបូព៌ា-បស្ចិម (East West Economic Corridor) និងលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មឆ្លងដែន។

សារព័ត៌មាន Vietnam News បានចុះផ្សាយកាលពីថ្ងៃអង្គារ ទី៣ ខែតុលា ថា ប្រសិនបើត្រូវបានអនុម័ត គម្រោងជួសជុលនេះនឹងប្រើប្រាស់ ប្រាក់កម្ចីពីធនាគារពិភពលោក ហើយនឹងត្រូវអនុវត្តក្នុងរយៈពេល៥ឆ្នាំពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩។គម្រោងនេះ នឹងមានទុនវិនិយោគសរុប ប្រមាណ៣៤០លានដុល្លារអាមេរិក ដែលក្នុងនោះ៣១៥លានដុល្លារអាមេរិក ជាកម្ចីបានពីធនាគារពិភពលោក។ ផ្លូវជាតិដែលនឹងត្រូវជួសជុល កែលម្អរួមមានផ្លូវជាតិលេខ២៧៩ (National Highway 279) ផ្លូវជាតិលេខ៤H (National Highway 4H) និងផ្លូវជាតិលេខ២១៧ (National Highway 217) ដែលមានប្រវែងសរុបជាង១៨០គីឡូម៉ែត្រ។

ការជួសជុលកែលម្អផ្លូវទាំងនេះ និងនវានុវត្តន៍ថ្មីត្រូវបានរំពឹងថានឹងជួយសម្រួលចរាចរណ៍ បំពេញបានតម្រូវការដឹកជញ្ជូន ដែលកើនឡើង និងកាត់បន្ថយចម្ងាយរវាងច្រកព្រំដែន និងកំពង់ផែសមុទ្ររវាងប្រទេសវៀតណាម ប្រទេសឡាវ ភាគខាងជើង និងប្រទេសចិន ភាគខាងត្បូង។

យោងតាមក្រុមប្រឹក្សាភិបាល នៃគម្រោងនេះឱ្យដឹងថា ផ្លូវទាំងនេះ ក៏នឹងជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ការបំពុលបរិស្ថាន និងគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕   Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here