ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនចិនGeneral Tires Technology (Cambodia) Co., Ltd គ្រោងទិញកៅស៊ូដែលដាំនៅកម្ពុជាស្រាប់ ដើម្បីផលិតសំបកកង់ក្នុងរោងចក្រ តម្លៃ៣០០លានដុល្លាររបស់ខ្លួន នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីបង្កើនសមត្ថភាពផលិតនៅឆ្នាំក្រោយ។
លោក Tao Guozhong អគ្គនាយកក្រុមហ៊ុនGeneral Tires Technology បានមានប្រសាសន៍ថា ក្រុមហ៊ុនបានទិញកៅស៊ូពីខេត្តរតនគិរីប្រមាណ២០តោន ដើម្បីធ្វើតេស្តគុណភាព មុនពេលបង្កើនបរិមាណបន្ថែម។
លោកបានបន្តថា “យើងទើបតែទទួលបានវិញ្ញាបនបត្រពន្ធដារពីរដ្ឋាភិបាល ដែលអាចឱ្យយើងមិនបង់ពន្ធ លើតម្លៃបន្ថែមលើវត្ថុធាតុដើមដែលយើងទិញក្នុងស្រុក”។ លោកបន្តថា “ឥឡូវនេះ យើងកំពុងធ្វើតេស្តគុណភាព ក្នុងបរិមាណតិចតួចជាមុនសិន។ ទោះជាយ៉ាងណា ការទិញកៅស៊ូក្នុងស្រុក នឹងធ្វើឲ្យយើងចំណាយតិចបើធៀបនឹងការនាំចូល”។លោកបន្ថែមថា បច្ចុប្បន្នក្រុមហ៊ុនបាននាំចូលកៅស៊ូ ពីប្រទេសថៃ និងម៉ាឡេស៊ី ដើម្បីផលិតសំបកកង់ ដើម្បីនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងប្រេស៊ីល។
លោក Guozhong បានចង្អុលបង្ហាញថា ក្រុមហ៊ុន General Tires Technology ដែលមានរោងចក្រផលិតសំបកកង់ នៅក្នុងប្រទេសចិន និងប្រទេសថៃផងដែរនោះ ត្រូវការកៅស៊ូប្រមាណ៣០.០០០តោនក្នុងមួយឆ្នាំ ដើម្បីផលិតសំបកកង់ចន្លោះពី៦ពាន់ទៅ៧សំបកក្នុងមួយថ្ងៃ និងនាំចេញសំបកកង់ចំនួន២០កុងតឺន័រ ទៅកាន់ទីផ្សារទាំងនោះ។
ដោយលើកឡើងពីតួលេខរបស់រដ្ឋាភិបាល លោក Guozhong បានអះអាងថា ដំណាំកៅស៊ូរបស់កម្ពុជា ដែលដាំដុះនៅលើផ្ទៃដីប្រមាណ៤០ម៉ឺនហិកតា កំពុងត្រូវបាននាំចេញទៅកាន់ប្រទេសថៃ ម៉ាឡេស៊ី និងប្រទេសផ្សេងទៀត។ លោក Guozhong បានបញ្ជាក់ថា “យើងសង្ឃឹមថា យើងនឹងអាចប្រើប្រាស់វត្ថុធាតុដើម ឬកៅស៊ូដែលដាំដុះនៅកម្ពុជា សម្រាប់បម្រើដល់ផលិតកម្មរបស់យើង”៕