ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអាហារ និងភេសជ្ជៈ Thai Beverage (ThaiBev) ដែលចុះបញ្ជីនៅសិង្ហបុរី គ្រោងបោះទុនចំនួន៧ពាន់លានបាត(ប្រហែល១៨៨,២លានដុល្លារ) ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនទាំងក្នុងនិងក្រៅប្រទេស ក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្ន ដែលបានចាប់ផ្តើមនៅថ្ងៃទី១ ខែតុលា។
លោក Thapana Sirivadhanabhakdi នាយកប្រតិបត្តិក្រុមហ៊ុននេះបានអះអាងថា ក្នុងនោះទឹកប្រាក់ប្រហែល១០៧,៥៦លានដុល្លារ ត្រូវបានបែងចែកសម្រាប់សាងសង់ រោងចក្រផលិតភេសជ្ជៈថ្មីមួយនៅកម្ពុជា។ ចំណែក ទឹកប្រាក់៣ពាន់លានបាតទៀត ត្រូវបានបម្រុងទុក សម្រាប់សាងសង់កន្លែងដឹកជញ្ជូន រោងចក្រជីវឧស្ម័ន និងគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រផ្សេងទៀត។លោក Thapana បានបន្តថា “ជាមួយនឹងការងើបឡើងវិញនៃវិស័យទេសចរណ៍ និងឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ យើងបាននិងកំពុងចាត់វិធានការ ដើម្បីពង្រឹងម៉ាកយីហោ និងទីតាំងទីផ្សាររបស់យើង នៅគ្រប់ផ្នែកអាជីវកម្មរបស់យើង ដើម្បីបង្កើនការប្រកួតប្រជែង”។
លោក Michael Chye Hin Fah ប្រធានក្រុមផលិតផលស្រាបៀររបស់ក្រុមហ៊ុនThaiBev បានមានប្រសាសន៍ថា ក្រុមហ៊ុន ThaiBev កំពុងសាងសង់រោងចក្រផលិតស្រាបៀរ ដំបូងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដែលគ្រោងនឹងបញ្ចប់ ក្នុងរយៈពេល២ឆ្នាំខាងមុខ។