ដំណឹងល្អៈផ្លូវវាងក្រុងកំពតស្ថាបនារួចរាល់១០០ភាគរយហើយ

0

        ដោយៈ ហ្វីអូណា

        កំពតៈ ផ្លូវវាងក្រុងកំពតដែល​ពីមុន នៅពេលខែវស្សាមានភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យទឹកលិចផ្លូវ និងមានជង្ហក់ភក់ជ្រៅៗ ដោយរថយន្តធំពិបាកធ្វើដំណើរ ហើយរថយន្តតូចៗ មិនអាចធ្វើដំណើរបាននោះ បច្ចុប្បន្នស្ថាបនារួចរាល់100ភាគរយហើយ។

ក្រោយ​ផ្លូវវាងក្រុងកំពត​ ស្ថាបនាជួសជុលរួចរាល់ សកម្មភាពចរាចរណ៍ភ្ញៀវទេសចរ និងអន្តរជាតិ បានធ្វើដំណើរឆ្លងកាត់បាន​ល្អប្រសើរជាបណ្ដើរៗឡើងវិញ។ ប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ ក៏​បានបង្ហាញក្ដីសង្ឃឹមយ៉ាងខ្លាំង នៅពេលផ្លូវនេះបានស្ថាបនាជួសជុលរួចរាល់ ការធ្វើដំណើរនឹងមានភាពស្រួល ហើយការប្រកបមុខរបរនានារបស់ពួកគាត់ នឹងមានភាពល្អប្រសើរឡើងវិញ។

ម្ចាស់ការ៉ាស់ហាងលក់គ្រឿង បន្លាស់រថយន្តសុំមិនបញ្ចេញឈ្មោះបាននិយាយឱ្យដឹងថា ​ក្រោយ​គម្រោង​ស្ថាបនាថ្នល់ផ្លូវ វាងក្រុងកំពតបានរួចរាល់ មានអ្នកចូលមក​ជួសជុល និង​ទិញគ្រឿងបន្លាស់រថយន្តបានគ្រាន់បើ​​ ដោយសារតែកត្តាផ្លូវថ្នល់ស្អាត ក្នុងការធ្វើដំណើរក៏បានស្រួល។ការស្ថាបនា​ផ្លូវវាងក្រុងកំពត ក៏​មានការ​រៀប​​ចំ​ដាក់ឃឿនចំកណ្ដាល ហើយ​មានការ​ពង្រឹងគុណភាព​សាងសង់ ​ដើម្បី​ប្រើប្រាស់​បានយូរ​អង្វែង។

វិស្វករប្រចាំការដ្ឋាន សាងសង់ផ្លូវវាងក្រុងកំពត ឬផ្លូវលេខ ១៣៩A ខេត្តកំពត លោក នាក ចិន បានបញ្ជាក់ឲ្យដឹងថា ផ្លូវនេះ​មានប្រវែង៣,៦៧០ ម៉ែត្រ ដែលស្ថាបនាជា​ប្រភេទ​ផ្លូវកៅស៊ូ DBST និង​ដែល​បានចាប់ផ្តើម បើកការដ្ឋានស្ថាបនាជួសជុលឡើងវិញ នៅក្នុងខែមេសា ឆ្នាំ ២០២២។
ការស្ថាបនាជួសជុលផ្លូវវាងក្រុងកំពតនេះ ត្រូវគោរពតាមលក្ខណៈបច្ចេកទេស ដែលមានការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ និងធានាគុណភាពជាប់បានយូរអង្វែង ជាងការសាងសង់ពីមុនៗ ពីព្រោះផ្លូវវាងក្រុងនេះ​ សម្រាប់ប្រើបញ្ចៀសរថយន្តធុនធំ ដោយមិនឲ្យបើកបរចូលឆ្លងកាត់ ក្នុងក្រុងកំពតនោះឡើយ។

ផ្លូវនេះបានតភ្ជាប់ពីផ្លូវជាតិលេខ៣ នៅត្រង់ចំណុចក្លោងទ្វារខេត្ត ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៣៣ បន្តទៅកាន់តភ្ជាប់ជាមួយនិងខេត្តកែប៕

LEAVE A REPLY

Please enter your comment!
Please enter your name here