ដោយៈ តែម សុខុម
ស៊ីដនី: មិនយូរទេប្រទេសអូស្ត្រាលី នឹងមានអគារឈើដ៏ខ្ពស់បំផុតពិភពលោក បន្ទាប់ពីអាជ្ញាធរក្រុង Perth បានបើកភ្លើងខៀវសម្រាប់គម្រោងអគារ “កូនកាត់” កម្ពស់១៩១,២ម៉ែត្រ ដែលនឹងត្រូវសាងសង់ឡើង ដោយប្រើប្រាស់ឈើយ៉ាងច្រើនសន្ធឹកសន្ធាប់។
កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ក្រុមប្រឹក្សាវាយតម្លៃការអភិវឌ្ឍន៍នៃក្រុង Perth បានអនុម័តលើសំណើរបស់ក្រុមហ៊ុន Grange Development សម្រាប់ការសាងសង់អគារC6 ដែលនឹងខ្ពស់ជាងពីរដង បើធៀបនឹងអគារដែលគ្រងតំណែងជើងឯកបច្ចុប្បន្ន។
ក្រុមហ៊ុនអភិវឌ្ឍន៍និយាយថា ៤២ភាគរយនៃអគារនេះ ទាំងមូលនឹងត្រូវសាងសង់ពីឈើ ដោយសសរ និងគ្រោងអគារនឹងត្រូវសាងសង់ពីបេតុងអាមេ។
យោងតាមក្រុមប្រឹក្សាអគារខ្ពស់ និងលំនៅឋានក្នុងក្រុង (CTBUH) បានឱ្យដឹងថា បន្ទាប់ពីសាងសង់រួចរាល់ អគារនេះនឹងខ្ពស់ជាងអគារ២៥ជាន់ ឬកម្ពស់៨៦ម៉ែត្រ Ascent ដែលជាអគារកូនកាត់ឈើ-បេតុងខ្ពស់បំផុតរបស់ពិភពលោក នាពេលបច្ចុប្បន្ននៅក្នុងទីក្រុង Milwaukee រដ្ឋ Wisconsin សហរដ្ឋអាមេរិក។
ក្រុមប្រឹក្សាអគារខ្ពស់ និងលំនៅឋានក្នុងក្រុង (CTBUH) គឺស្ថាប័នអន្តរជាតិ ទទួលបន្ទុកផ្នែកអគារខ្ពស់ និងការឌីហ្សាញនគរូបនីយកម្មប្រកបដោយនិរន្តរភាព ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
អគារនេះក៏នឹងខ្ពស់ជាងអគារឈើកូនកាត់ ដែលកំពុងសាងសង់ Atlassian Headquarters នៅក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ដែលគ្រោងនឹងដណ្ដើមតំណែង ជើងឯកពីអគារ Ascent ផងដែរ។
ដូចអគារ Atlassian Headquarters អ៊ីចឹងដែរ អគារC6 នឹងរួមបញ្ចូលធ្នឹមឈើ ដែលមានស្រទាប់ដែក ជាមួយនឹងគ្រោងដែកសម្រាប់ទ្រគ្រោងអគារ។
យោងតាមក្រុមហ៊ុនអភិវឌ្ឍន៍ Grange Development ឱ្យដឹងថា អគារ C6 កម្ពស់៥០ជាន់ នឹងមានអាផាតម៉ិនជាង២០០យូនីត ហើយនឹងក្លាយជាអគារលំនៅឋាន គ្មានកាបូនដំបូងបង្អស់របស់ប្រទេសអូស្ត្រាលី៕ CNN៕