ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍ថា វេទិការរដ្ឋ-ឯកជន ដែលគ្រោងនឹងធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំនេះ នឹងលើកឡើង និងដោះស្រាយបញ្ហាប្រឈមនានាក្នុងផ្នែកធុរកិច្ច និងការវិនិយោគ ព្រមទាំងបង្កើតនូវកម្លាំងចលករជាយុទ្ធសាស្ត្រ ដើម្បីជំរុញសេដ្ឋកិច្ច។
សម្តេចបានគូសបញ្ជាក់បែបនេះ ក្នុងពិធីសំណេះសំណាលជាមួយនឹងកម្មករ និងនិយោជិតក្នុងវិស័យកាត់ដេរប្រមាណ១៨,០០០នាក់ នៅជាយរាជធានីភ្នំពេញ កាលពីម្សិលមិញនេះ។
សម្តេចបញ្ជាក់ថា “វេទិកានេះនឹងប្រើប្រាស់ជាវេទិកាមួយ ដើម្បីស្តាប់មតិ និងសំណូមពរពីវិស័យឯកជន សម្រាប់រដ្ឋាភិបាលដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីដោះស្រាយបញ្ហានានា ក្នុងគោលបំណងលើកកម្ពស់ការធ្វើអាជីវកម្ម និងការវិនិយោគក្នុងប្រទេសឱ្យកាន់តែប្រសើរឡើង”។
សម្តេចបន្តថា “ក្នុងខែវិច្ឆិកា នៅពេលដែលអ្នកជួបជាមួយវិស័យឯកជន អ្នកនឹងដឹងពីអ្វីដែលរដ្ឋាភិបាល ផ្តល់ក្នុងស្ថានភាពលំបាកនេះសម្រាប់វិស័យឯកជន ដើម្បីយើងអាចបង្កើតការងារ ជូនប្រជាជនកម្ពុជាទូទាំងប្រទេស”។
វេទិការរដ្ឋ-ឯកជន ត្រូវបានបង្កើតឡើង តាមគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន ក្នុងឆ្នាំ១៩៩៩។វាជាយន្តការសម្រាប់ការពិគ្រោះយោបល់រវាងរដ្ឋ និងឯកជនលើបញ្ហាបរិយាកាសវិនិយោគ ចាប់ពីគោលនយោបាយជួរវែង រហូតដល់ប្រតិបត្តិការប្រចាំថ្ងៃ។ វេទិកានេះក៏បានផ្តល់ឱ្យរាជរដ្ឋាភិបាល នូវបណ្តាញមួយសម្រាប់ការទទួលបានមតិ កែលម្អរបស់វិស័យឯកជន លើសេចក្តីព្រាងគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិ។
អ្នកឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា វេទិកានេះផ្តល់ឱកាសដល់វិស័យឯកជន ដើម្បីស្នើសុំដំណោះស្រាយពីរដ្ឋាភិបាល បន្ទាប់ពីបញ្ហាមិនទាន់ត្រូវបានដោះស្រាយនៅកម្រិតសភាពាណិជ្ជកម្មកម្ពុជា។អ្នកឧកញ៉ាបានបញ្ជាក់ថា “វេទិកានេះនឹងមានសារៈសំខាន់សម្រាប់វិស័យឯកជន ពីក្រុមនីមួយៗក្នុងការលើកឡើង និងស្នើដល់ រដ្ឋាភិបាល ហើយនាយករដ្ឋមន្ត្រី នឹងអាចផ្តល់ដំណោះស្រាយសមរម្យដល់ពួកគេ”៕