ហុងកុង នឹងទទួលបានFDIលើទឹកប្រាក់ទំហំ៣,៨ពាន់លានដុល្លារពីក្រុមហ៊ុន “យុទ្ធសាស្ត្រ” ចំនួន៣០

0

ដោយៈ តែម សុខុម

ហុងកុង: កិច្ចខិតខំប្រឹងប្រែងរបស់ក្រុងហុងកុង ក្នុងការទាក់ទាញការវិនិយោគពីបរទេស (FDI) បានបង្ហាញសញ្ញាជោគជ័យ គួរឱ្យអបអរសាទរ ដោយក្រុមហ៊ុន “យុទ្ធសាស្ត្រ” ប្រមាណ៣០បានប្តេជ្ញាបង្កើតអាជីវកម្មរបស់ខ្លួននៅក្នុងទីក្រុងនេះ។

លោក Paul Chan Mo-po ប្រធានហិរញ្ញវត្ថុនៃរដ្ឋបាលក្រុងហុងកុង បានទម្លាយឱ្យដឹងក្នុងវេទិកាប្រចាំឆ្នាំ របស់សមាគមហិរញ្ញវត្ថុបៃតងក្រុងហុងកុង (Hong Kong Green Finance Association) កាលពីថ្ងៃពុធ ទី៤ ខែតុលា ថា ក្រុមហ៊ុនទាំងនេះ នឹងបោះទុនវិនិយោគ ប្រមាណ៣,៨៣ពាន់លានដុល្លារអាមេរិក នៅក្នុងទីក្រុងនេះដែលនឹងបង្កើតការងារបានប្រមាណ១០.០០០កន្លែង។

លោកបានបន្តថា “យើងបានកំណត់ចក្ខុវិស័យ ក្នុងការទាក់ទាញសហគ្រាសយុទ្ធសាស្ត្រនានា គឺសហគ្រាសដែលមានបច្ចេកវិទ្យាទំនើប ឱ្យមកបោះមូលដ្ឋាននៅហុងកុង ដើម្បីឱ្យយើងអាចបង្កើតប្រព័ន្ធអេកូឡូស៊ីដ៏រស់រវើកមួយ”។លោក John Lee Ka-chiu អភិបាលក្រុងហុងកុង បានប្រកាសជាលើកដំបូងក្នុងសុន្ទរកថា របស់លោកស្ដីពីគោលនយោបាយឆ្នាំ២០២២ កាលពីខែតុលា ឆ្នាំមុនថា រដ្ឋបាលក្រុងហុងកុង នឹងបង្កើតការិយាល័យ សម្រាប់ការទាក់ទាញសហគ្រាស យុទ្ធសាស្ត្រ (OASES) ក្នុងគោលបំណងទាក់ទាញ សហគ្រាសយុទ្ធសាស្ត្រដែលមានសក្តានុពលខ្ពស់ និងដែលតំណាងមកពីជុំវិញពិភពលោក។

ដោយបង្កើតឡើងនៅខែធ្នូ ឆ្នាំ២០២២ ការិយាល័យសម្រាប់ការទាក់ទាញសហគ្រាសយុទ្ធសាស្ត្រ (OASES) ទទួលបន្ទុកកំណត់គោលដៅ លើអាជីវកម្មផ្នែកវិទ្យាសាស្ត្រជីវិត និងសុខាភិបាល បញ្ញាសិប្បនិម្មិត (AI) វិទ្យាសាស្រ្តទិន្នន័យ បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ផលិតកម្មកម្រិតខ្ពស់ វត្ថុធាតុដើមថ្មីៗ និងថាមពលថ្មី៕ South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here