អបអរសាទរៈ Guinness Records ទទួលស្គាល់បាបែលយក្សដែលចាប់បាននៅកម្ពុជា “ជាបាបែលធំបំផុតរបស់ពិភពលោក”

0

ដោយៈ តែម សុខុម

ភ្នំពេញៈ បាបែលទឹកសាបខ្នាតយក្សមួយក្បាល ទម្ងន់៣០០គីឡូក្រាម ដែលគេនេសាទបាននៅឃុំកោះព្រះ ខេត្តស្ទឹងត្រែង ក្នុងទន្លេមេគង្គ កាលពីឆ្នាំមុន ត្រូវបានកំណត់ត្រាឯតទគ្គកម្មពិភពលោក Guinness World Records ទទួលស្គាល់ជាផ្លូវការថា ជាបាបែលទឹកសាបធំបំផុតក្នុងពិភពលោក។

យោងតាមអង្គការអភិរក្ស Wonders of the Mekong ដែលគាំទ្រដោយទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បានបំពាក់ឧបករណ៍តាមដាន លើបាបែលយក្សដែលមានឈ្មោះថា បូរមី នេះ មុនពេលលែងវាចូលក្នុងទន្លេមេគង្គ វិញកាលពីឆ្នាំមុន។

អង្គការ Wonders of the Mekong  បានសរសេរបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គមថា “ចាប់តាំងពីលែងវាចូលក្នុងទន្លេវិញ យើងប្រមូលបានព័ត៌មានដ៏សំខាន់ មិនអាចកាត់ថ្លៃបានអំពីបាបែលយក្សនេះ តាមរយៈឧបករណ៍តាមដាន ស្រូបសំឡេងរបស់យើង ដែលនឹងជួយយើង អាចការពារប្រភេទសត្វដែលជិតផុតពូជនេះ”។
មន្ត្រីមកពីខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បានធ្វើការជាមួយអង្គការ Wonders of the Mekong និងវិទ្យាស្ថាន IFReDI ដើម្បីវាស់វែងបាបែលយក្ស ដែលអ្នកនេសាទចាប់បាន កាលពីខែមិថុនា ឆ្នាំ២០២២។

លទ្ធផលនៃការវាស់វែងបង្ហាញថា បាបែលយក្សនេះមានប្រវែង៣,៩៨ម៉ែត្រ គិតពីក្បាលដល់ចុងកន្ទុយ និងមានទទឹងខ្លួន២,២ម៉ែត្រ ហើយមានទម្ងន់៣០០គីឡូក្រាម។

បន្ទាប់ពីវាស់វែង និងថ្លឹងទម្ងន់រួច ឧបករណ៍តាមដានដោយស្រូបសំឡេង ត្រូវបានបំពាក់លើបាបែលយក្សនេះ មុនពេលលែងវាចូលទៅក្នុងទឹកទន្លេវិញ។

លោក សុខ វិជ្ជា អ្នកស្រាវជ្រាវជីវចម្រុះកម្ពុជា បានពន្យល់ថា “បាបែលទាំងនេះ មានតែក្នុងទន្លេមេគង្គក្នុងផ្នែកខ្លះ នៃប្រទេសកម្ពុជា ឡាវ និងថៃ តែប៉ុណ្ណោះ”៕ The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here