ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនAngkor Resources Corp(ARC) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធថាមពលរបស់ក្រុមហ៊ុន EnerCam Exploration Ltd (EnerCam) ដែលគ្រប់គ្រងដោយវិនិយោគិនកាណាដា បានប្រកាសពីការបញ្ចប់បេសកកម្មរបស់ខ្លួន លើការវាយតម្លៃសហគមន៍សម្រាប់បរិស្ថាន សង្គម អភិបាលកិច្ច (ESG) និងការទទួលខុសត្រូវសង្គមសាជីវកម្ម (CSR) លើអាជ្ញាប័ណ្ណប្រេង និងឧស្ម័នBlock VIII នៅកម្ពុជា។
យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន ដែលបានចេញផ្សាយកាលពីថ្ងៃទី ៣ ខែតុលា ក្រុមហ៊ុនមួយនេះ បានចំណាយពេល២ឆ្នាំ ដើម្បីកាត់បន្ថយការបំភាយឧស្ម័ន កែលម្អ និងបង្កើនការបង្កើតថាមពលទាំងនៅក្នុងប្រទេសកាណាដា និងកម្ពុជា។
ក្រុមហ៊ុនឱ្យដឹងថា ជាផ្នែកនៃសកម្មភាពដំបូង គឺបុគ្គលិកក្រុមហ៊ុន EnerCam បានអនុវត្តបេសកកម្ម ESG/CSR នៅទូទាំងឃុំអូរបាក់រទេះ ដោយបានជួបជាមួយមន្ត្រីក្រសួងរ៉ែ និងថាមពល៥នាក់ ថ្នាក់ដឹកនាំសហគមន៍ រួមទាំងមេភូមិ មេឃុំ៣នាក់ និងតំណាងសហគមន៍ ៤ នាក់។ ស្រដៀងគ្នាទៅនឹងវិធីសាស្ត្រ នៃប្រតិបត្តិការរបស់ពួកគេនៅក្នុងសកម្មភាពរ៉ែ ក្រុមហ៊ុនបានអនុវត្តន៍ ការវាយតម្លៃតម្រូវការសហគមន៍ ដើម្បីកំណត់អាទិភាពសង្គម បរិស្ថាន ការអប់រំ និងសុខភាពនៅក្នុងតំបន់ដែល EnerCam ចង់ធ្វើការ។
លោក Mike Weeks ប្រធានក្រុមហ៊ុន EnerCam បានឱ្យដឹងថា ជនជាតិកាណាដាខាងលិច គឺជាអ្នកជំនាញឧស្សាហកម្មថាមពល និងពួកគេល្បី ខាងជួយប្រទេសផ្សេងទៀត ក្នុងការអនុវត្តបច្ចេកវិទ្យាចុងក្រោយបំផុត និងការរីកចម្រើនប្រកបដោយនវានុវត្តន៍។
លោកថ្លែងថា “យើងជឿថា ប្រជាពលរដ្ឋកម្ពុជាកំពុងឈរលើធនធានថាមពលផ្ទាល់ខ្លួនរបស់ពួកគេ ហើយប្រទេសនេះត្រូវការក្រុមហ៊ុនធំៗមួយចំនួនក្នុងវិស័យប្រេង និងឧស្ម័ន ដើម្បីចូលរួមអភិវឌ្ឍវិស័យទាំងមូល”។ លោកបន្តថា “លទ្ធផលនេះគឺជាឱកាសដ៏ធំធេងក្នុងការផលិតថាមពល ហើយក្នុងពេលដំណាលគ្នានេះ ក៏ផ្ទេរការបណ្តុះបណ្តាល ជំនាញ និងដំណោះស្រាយបរិស្ថានពីប្រទេស ១ ទៅប្រទេស ១ ទៀតផងដែរ”។
យោងតាមទិន្នន័យក្រសួងរ៉ែ និងថាមពល កម្ពុជាបានចំណាយជាង ៣,៨ ពាន់លានដុល្លារ ក្នុងការនាំចូលផលិតផលប្រេង និងឧស្ម័នក្នុងឆ្នាំ ២០២២ ដោយសារកម្ពុជា មិនមានផលិតកម្មប្រេង និងឧស្ម័ន ហើយជាប្រទេសទិញឥន្ធនៈឧស្ម័ន (LPG) និង LNG ក៏ដូចជាផលិតផលថាមពលផ្សេងទៀត៕