ដោយ: គង់ លាងហួរ
សៀមរាប: រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ ស៊ីវិល កម្ពុជា (SSCA)ប្រកាសថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលស្ថិតនៅភាគពាយព្យនៃខេត្តសៀមរាប ប្រទេសកម្ពុជា បានបញ្ចប់ដោយជោគជ័យក្នុងការធ្វើតេស្ត ទទួលជើងហោះហើរសាកល្បងកាលពីថ្ងៃព្រហស្បតិ៍។
SSCA បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនអាកាសចរណ៍ចំនួន៣ បានចូលរួមក្នុងការធ្វើតេស្តនេះ ដូចជាយន្តហោះរបស់ក្រុមហ៊ុន Sky Angkor Airlines បានហោះហើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ យន្តហោះក្រុមហ៊ុន Cambodia Airways មកពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ និងយន្តហោះក្រុមហ៊ុន China Eastern Airlines មកពី អាកាសយានដ្ឋានអន្តរជាតិ Kunming របស់ប្រទេសចិន។
សេចក្តីថ្លែងការណ៍បានបន្តថា អាកាសយានដ្ឋានអន្តរជាតិកម្រិត 4E នេះមានច្រកចំនួន៣៨ ហើយវានឹងអាចផ្ទុកអ្នកធ្វើដំណើរតាមផ្លូវអាកាសចំនួន៧លាននាក់ក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២៤ និងចំនួន១២លាននាក់ជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០៤០។ព្រលានយន្តហោះថ្មីនេះមានសមត្ថភាពផ្ទុកទំនិញតាមផ្លូវអាកាសបានចំនួន១០.០០០តោនជារៀងរាល់ឆ្នាំក្នុងឆ្នាំ២០២៤ និង២៦.០០០តោនក្នុងឆ្នាំ២០៤០ខាងមុខ និងអាចទទួលជើងហោះហើរបានចំនួន ៦៥.៨០០ជើងក្នុងឆ្នាំ២០២៤ និង១១២.៧០០ជើងក្នុងឆ្នាំ២០៤០។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងទៀតថា ព្រលានយន្តហោះនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. ដែលជាសាខារបស់ក្រុមហ៊ុន Yunnan Investment Holdings Ltd របស់ប្រទេសចិន។
ព្រលានយន្តហោះសៀមរាបអង្គរស្ថិតក្នុងស្រុកសូទ្រនិគម ដែលលាតសន្ធឹងលើផ្ទៃដីទំហំ៧០០ហិកតា និងមានចម្ងាយប្រហែល៤០គីឡូម៉ែត្រពីឧទ្យានបុរាណវិទ្យាអង្គរ និង៥០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ ស៊ីវិល កម្ពុជា (SSCA) លោក ស៊ិន ច័ន្ទសេរីវុត្ថា បានមានប្រសាសន៍ថា អាកាសយានដ្ឋានដែលមានផ្លូវរត់ប្រវែង៣.៦០០ម៉ែត្រនេះ អាចគ្រប់គ្រងការចុះចតយន្តហោះគ្រប់ប្រភេទ ហើយវានឹងចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃទី១៦ ខែតុលា ជាមួយនឹងពិធីសម្ពោធជាផ្លូវការនៅថ្ងៃទី១ ខែធ្នូខាងមុខ។លោកបានបញ្ជាក់ប្រាប់សារពត៌មាន Xinhua ថា “នេះគឺជាផ្លែផ្កាមួយទៀតនៃកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងចិន ក្រោមក្របខណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI)”៕