ដោយ: គង់ លាងហួរ
ភ្នំពេញ: អ្នកជំនាញកម្ពុជាអះអាងថា រយៈពេល១០ឆ្នាំកន្លងមកនេះ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន បានចាក់បញ្ចូ លនូវកម្លាំងដ៏ខ្លាំងក្លា ក្នុងការកសាងសហគមន៍មួយ ដែលមានអនា គតរួមគ្នាសម្រាប់មនុស្សជាតិ និងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍ រក្សាស្ថិរភាពពិភពលោក និងស្ថិរភាពក្នុងតំបន់។នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារពត៌មានរបស់រដ្ឋចិន Xinhua ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា តាមរយៈ BRI ក្នុង១ទសវត្សរ៍កន្លងមកនេះ ប្រទេសចិនបានគាំទ្រយ៉ាងសកម្ម នូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងតភ្ជាប់សំខាន់ៗ នៅក្នុងតំបន់ជាច្រើន ដោយផ្តល់ឱកាសដល់ប្រទេសនានា ដើម្បីពង្រីកបណ្តាញពាណិជ្ជកម្មរបស់ពួកគេ និងលើកកម្ពស់សក្តានុពលសេដ្ឋកិច្ច។លោកបានមានប្រសាសន៍បន្តថា គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្រោមគំនិតផ្តួចផ្តើម BRI ដូចជាតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនៅកម្ពុជា និងផ្លូវដែកចិន-ឡាវ ក្នុងប្រទេសឡាវ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់ និងអន្តរជាតិ។
អ្នកជំនាញរូបនេះអះអាងថា BRI បានក្លាយជាក្បាលម៉ាស៊ីនថ្មីនៃកំណើនសេដ្ឋកិច្ចពិភពលោក ដោយចាក់បញ្ចូលសន្ទុះដ៏រឹងមាំ ក្នុងការកសាងសហគមន៍មួយ ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។
លោកលើកឡើងទៀតថា BRI បានចូលរួមចំណែកយ៉ាងធំធេងក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ផ្តល់អត្ថប្រយោជន៍យ៉ាងធំ ដល់របៀបវារៈនៃការអភិវឌ្ឍរបស់កម្ពុជា និងនាំមកនូវឱកាសសម្រាប់កម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមក និងលទ្ធផលឈ្នះ-ឈ្នះ។
លោកបានបញ្ជាក់ថា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ BRI បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់របស់កម្ពុជា។ លើសពីនេះ ប្រទេសចិនបាននាំយកទុនវិនិយោគ មកបណ្តាក់នៅកម្ពុជាក្នុងវិស័យជាច្រើន។
លោកបានមានប្រសាសន៍ថា “គម្រោងខ្នាតធំទាំងនោះបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់ការតភ្ជាប់ ការធានានូវប្រភពផ្គត់ផ្គង់អគ្គិសនី ប្រកបដោយនិរន្តរភាព ការលើកកម្ពស់ការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច ការធ្វើពិពិធកម្មប្រភពនៃកំណើន និងកាត់បន្ថយការចំណាយលើភស្តុភារក្នុងប្រទេសកម្ពុជា”។តាមរយៈវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលគ្រោងរៀបចំនៅទីក្រុងប៉េកាំង ក្នុងខែតុលានេះ លោកបណ្ឌិត គិន ភា សង្ឃឹមថា វេទិកានេះនឹងរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់ ទំនុកចិត្តលើពហុភាគីនិយម និងសកលភាវូបនីយកម្ម ព្រមទាំងការកសាងសេដ្ឋកិច្ចពិភពលោក បើកចំហ និងពហុនិយម។
លោកបានមានប្រសាសន៍ទៀតថា “ខ្ញុំជឿជាក់ថា វេទិកានាពេលខាងមុខនេះ នឹងផ្តល់ភាពរឹងមាំថ្មី ដល់ការអភិវឌ្ឍរបស់បណ្តាប្រទេសដែលចូលរួម និងកំណើនសេដ្ឋកិច្ចរបស់ពិភពលោក”៕