ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាក្រុមហ៊ុនកូរ៉េខាងត្បូង កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន និងបង្កើនការវិនិយោគនៅក្នុងទីផ្សារនៅតំបន់អាស៊ីផ្សេងទៀត។
ពិពិធកម្មនេះធ្វើឡើង ក្នុងគោលបំណងកាត់បន្ថយទំហំនៃការខាតបង់ ដែលអាចកើតមានចេញពីការកើនឡើង នៃអនុត្តរភាពរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។
ក្រុមអ្នកឃ្លាំមើលឧស្សាហកម្ម និងអ្នកជំនាញបានលើកឡើងថា ក្រុមហ៊ុនកូរ៉េគ្មានជម្រើសអ្វី ក្រៅពីអនុម័តយុទ្ធសាស្ត្រចាកចេញរយៈពេលវែងពីប្រទេសចិន ហើយកាត់បន្ថយការពឹងផ្អែក ការនាំចេញដ៏ធំមកលើប្រទេសនេះបន្តិចម្ដងៗ ដោយសារជម្លោះអនុត្តរភាពសកលកំពុងបង្ហាញសញ្ញាតិចតួចប៉ុណ្ណោះនៃការធូរស្រាល។យោងតាមទិន្នន័យថ្មីៗ ពីក្រសួងពាណិជ្ជកម្មកូរ៉េ ក៏បានបង្ហាញផងដែរថា ចំនួនក្រុមហ៊ុនកូរ៉េ ដែលបានបង្កើតសាខាថ្មីនៅក្នុងប្រទេ សចិន បានធ្លាក់ចុះ១២,១%មកនៅត្រឹម៨៧ក្រុមហ៊ុន ក្នុងឆមាសទីមួយនៃឆ្នាំនេះបើធៀបនឹងឆ្នាំមុន។
ផ្ទុយទៅវិញ ចំនួនក្រុមហ៊ុនកូរ៉េ ដែលបានបង្កើតសាខាថ្មីនៅក្នុងទីផ្សារជប៉ុន បានកើនឡើងដល់១១៨ក្រុមហ៊ុន ក្នុងអំឡុងពេលដូចគ្នា។ នេះជាលើកដំបូងគិតចាប់តាំងពីឆ្នាំ១៩៨៩ ដែលចំនួនក្រុមហ៊ុនកូរ៉េនៅប្រទេសជប៉ុន មានច្រើនជាងនៅប្រទេសចិន។
លោក Kim Dae-jong សាស្ត្រាចារ្យផ្នែករដ្ឋបាលធុរកិច្ចនៅសកលវិទ្យាល័យ Sejong បានមានប្រសាសន៍ថា “ប្រទេសចិន និងហុងកុងគ្របដណ្តប់៣៣ភាគរយ នៃការនាំចេញសរុបរបស់ប្រទេសកូរ៉េខាងងត្បូង ដែលលើសឆ្ងាយពីមធ្យមភាគសកល១៥ភាគរយ”។
លោកបានបន្តថា “មិនមែនមានតែក្រុមហ៊ុនកូរ៉េនោះទេ ដែលអនុម័ត យុទ្ធសាស្ត្រចាកចេញពីប្រទេសចិន។ ប៉ុន្តែក្រុមហ៊ុនបរទេសផ្សេងៗទៀត ក៏កំពុងប្រើយុទ្ធសាស្រ្តស្រដៀងគ្នានេះដែរ ហើយពួកគេជ្រើសរើសទីតាំងផលិតកម្មថ្មី ផ្សេងទៀតនៅទីក្រុងហុងកុង សិង្ហបុរី និងជប៉ុន”។
លោកបានចង្អុលបង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់កូរ៉េមួយចំនួន មិនអាចបង្កើនការវិនិយោគ របស់ពួកគេនៅទីនោះបានទេ ស្របពេលដែលសហរដ្ឋអាមេរិក ដាក់ចេញនូវច្បាប់តឹងរ៉ឹងប្រឆាំងនឹងផលិតផល ដែលផលិតនៅក្នុងប្រទេសចិន។
លោកបានបន្ថែមថា “សម្រាប់ពេលនេះ យើងមិនមានជម្រើសផ្សេងទៀតទេ ក្រៅពីស្វែងរកទីផ្សារ នៅតំបន់អាស៊ីផ្សេងទៀតនោះទេ។ ជាឧទាហរណ៍ ក្រុមហ៊ុនកូរ៉េជាច្រើនទៀត ហាក់ដូចជាកំពុងស្វែងរកឱកាសថ្មី នៅក្នុងប្រទេសជប៉ុន ដោយសារទំនាក់ទំនងដ៏ល្អរវាងទីក្រុងសេអ៊ូល និងទីក្រុងតូក្យូនាពេលថ្មីៗនេះ”៕