ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាល សន្សំបានថវិកាជាង២០០លានដុល្លារ ពីការព្យួរចោលនូវគម្រោង ដែលមិនមានការចាំបាច់មួយចំនួននៅឆ្នាំ២០២៣នេះ។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន៥ តុលា ក្រោមប្រធានបទ “គ្រូបង្រៀនជាសសរស្ដម្ភ នៃកំណែទម្រងសាលារៀនឆ្ពោះទៅរកឧត្ដមភាព” នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
សម្តេចធិបតីហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា គម្រោងខ្លះ មិនចាំបាច់លុបវាទៅ យកលុយហ្នឹងបង្វែរ ទៅអ្វីដែលសំខាន់ ហើយប្រើឲ្យអស់លទ្ធភាព នូវអ្វីដែលយើងមាន”។ សម្តេចបន្តថា “ថ្ងៃមុន ខ្ញុំគ្រាន់តែឲ្យកែសម្រួល ព្យួរការចំណាយទៅលើកិច្ចការ មិនសំខាន់មួយចំនួន ខ្ញុំសន្សំបានជាង២០០លានដុល្លារ សម្រាប់ឆ្នាំ២០២៣នេះ”។
បន្ថែមពីនោះទៀត សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ថវិកាជាង២០០លានដុល្លារនេះ រាជរដ្ឋាភិបាលបានយកមកបង្កើនថវិកា ក្នុងការគាំពារសង្គម ហើយថវិកានេះ វាអត់មានប៉ះពាល់ដល់មន្ដ្រីនោះទេ គ្រាន់តែគម្រោងសិក្សាមួយចំនួន មិនទាន់ចាំបាច់ព្យួរចោលសិន ដើម្បីយកថវិកាជួយប្រជាពលរដ្ឋ ដាក់ឲ្យចំគោលដៅ នៃការកំណែទម្រង់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការឧបត្ថម្ភគាំទ្រ ដល់វិស័យអប់រំ ដល់អ្នកគ្រូ-លោកគ្រូ សម្ដេចសង្ឃឹមថា បើសិនជាមានការប៉ះប៉ូវ ជូនដល់អ្នកគ្រូ-លោកគ្រូ ច្រើនជាងមន្ដ្រីធម្មតា សូមមន្ដ្រីធម្មតាស្ថាប័នផ្សេង កុំច្រណែនជាមួយ អ្នកគ្រូ-លោកគ្រូ ព្រោះពួកគាត់ ជាអ្នកបង្រៀនកូនចៅយើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ដទៀតថា ការរៀបចំគោលនយោបាយនេះ កាត់ពីអ្វីដែលមិនចាំបាច់ គម្រោងខ្លះមិនចាំបាច់ យកមកដាក់គម្រោងឲ្យចំគោលដៅ។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រាប់ឲ្យពិនិត្យមើលឡើងវិញ នៅក្នុងកម្មវិធីមួយចំនួន របស់ក្រសួងអប់រំ និងគ្រប់ក្រសួងទាំងអស់ ព្រោះថា កម្មវិធីខ្លះលែងត្រូវស្ថានភាពហើយ ដូច្នេះកុំភ័យព្រួយកាត់វាចោទ ដើម្បីយកលុយទាំងនោះ បង្វែរទៅកន្លែងណា ដែលជាអទិភាព៕