អាជ្ញាធរជាតិអប្សរា អនុញ្ញាតិអោយមានការថត Pre-Wedding វីដេអូ ភាពយន្ត ចម្រៀង នៅតំបន់អង្គរ ដោយមិនពិបាកដូចកាលមុន

0

អាជ្ញាធរជាតិអប្សរា ​បានចេញសេចក្ដីជូនដំណឹងដល់សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទាំងអស់មេត្តាជ្រាបថា ក្នុងគោលដៅសម្រួលដល់ការស្នើសុំការអនុញ្ញាត និងនីតិវិធីនៃការរៀបចំបែបបទពាក់ព័ន្ធ នឹងការស្នើសុំផ្តល់សេវាកម្មផ្សេងៗក្នុងរមណីយដ្ឋានអង្គរ ព្រមទាំងដើម្បីកាត់បន្ថយការចំណាយពេលវេលា អាជ្ញាធរ ជាតិអប្សរា បានសម្រេចបង្កើត និងដាក់ឱ្យប្រើប្រាស់នូវបណ្តាញទំនាក់ទំនងសង្គមតេលេក្រាម (TELEGRAM) និងលេខទូរស័ព្ទ (CALL CENTER) នៃមជ្ឈមណ្ឌលសេវាកម្ម ដូចមានបញ្ជាក់ជូនខាងក្រោម ដែលនឹងអនុញ្ញាត ឱ្យសាធារណៈជនទាំងអស់ ទទួលបាននូវការផ្តល់សេវាកម្មផ្សេងៗ របស់អាជ្ញាធរជាតិអប្សរា តាមប្រព័ន្ធអនឡាញ៖

១- មជ្ឈមណ្ឌលសេវាកម្មនៃអាជ្ញាធរជាតិអប្សរា (ឈ្មោះនៃបណ្តាញទំនាក់ទំនងសង្គម TELEGRAM)

២- លេខទូរស័ព្ទ (CALL CENTER) ០១៤ ២២២ ៥៩៩

បើតាមការបញ្ជាក់ពីឯកឧត្តម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ការថតរូបភាពនិងវីដេអូអនុស្សាវរីយ៍ផ្ទាល់ខ្លួន ពុំមានការតម្រូវឲ្យសុំការអនុញ្ញាតជាមុននោះទេ។

ចំពោះការថតនូវសម្លៀកបំពាក់ប្រពៃណី ការថតរូបភាពមុនអាពាហ៍ពិពាហ៍ ថត YouTube ការថតផ្សាយផ្ទាល់ជាលក្ខណៈមគ្គុទ្ទេសក៍ ការថតខ្សែភាពយន្ត ការថតចម្រៀងកាយវិការ និងការថតរូបក្នុងគោលបំណងអាជីវកម្មផ្សេងៗ ចាំបាច់ត្រូវមានការអនុញ្ញាតជាមុន។

ភាពចាំបាច់នៃការតម្រូវឲ្យមានការអនុញ្ញាតជាមុន ពីព្រោះត្រូវប្រតិបត្តិនូវគោលការណ៍គតិយុត្តដែលមានជាធរមានផង និងដើម្បីឲ្យផ្នែកជំនាញរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏ដូចជាអាជ្ញាធរជាតិអប្សរា អាចជួយកែតម្រូវ ឬផ្តល់យោបល់កែលម្អនូវខ្លឹមសារផ្សេងៗដូចជា ប្រវត្តិសាស្រ្ត ទម្រង់សិល្បៈ ឲ្យបានត្រឹមត្រូវ ព្រមទាំងចៀសវាងនូវមតិរិះគន់ពីសាធារណជន នៅពេលរូបភាព ឬខ្លឹមសាររឿងទាំងនោះចេញផ្សាយជាសាធារណៈ៕

LEAVE A REPLY

Please enter your comment!
Please enter your name here