ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា និងហ្វីលីពីន បានបង្ហាញពីបំណងក្នុងការជំរុញវិស័យទេសចរណ៍សាជាថ្មី តាមរយៈការពិនិត្យលទ្ធភាពតភ្ជាប់ជើងហោះហើរត្រង់ ទៅកាន់តំបន់ទេសចរណ៍ដទៃទៀ តដែលមានសក្ដានុពលសម្រាប់ប្រទេសទាំងពីរ។
ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងពេលលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទទួលជំនួបសម្ដែងការគួរសម និងពិភាក្សាការងារប្រកបដោយផ្លែផ្កាជាមួយលោកស្រី Maria Amelita C. Aquino ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំកម្ពុជា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។ នេះបើតាមខ្លឹមសារនៃជំនួប ដែលក្រសួងការបរទេស បានបង្ហោះនៅតាមបណ្តាញតេឡេក្រាម។ភាគីទាំងពីរ បានផ្តោតការពិភាក្សាលើការទូតសេដ្ឋកិច្ច និងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ ពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម ការពារជាតិ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ខណៈភាគីទាំងពីរ បានសង្កត់ធ្ងន់អំពីសារៈសំខាន់ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីរៀបចំកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងហ្វីលីពីន ឱ្យបានឆាប់តាមពេលវេលាសមស្រប។
ក្នុងឱកាសនោះដែរ លោក សុខ ចិន្តាសោភា បានថ្លែងអំណរគុណ ហ្វីលីពីន ដែលបាននាំចូលអង្ករពីកម្ពុជា។កម្ពុជាធ្លាប់បានរៀបចំកម្មវិធី ផ្សព្វផ្សាយដំណើរទេសចរណ៍កម្ពុជា ក្រោមយុទ្ធនាការ ទស្សនាកម្ពុជាបន្ទាប់ ដែលជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២។
កម្មវិធីនេះសំដៅផ្សព្វផ្សាយ អំពីសក្តានុពលវិស័យទេសចរណ៍កម្ពុជា ពង្រឹងទំនាក់ទំនង និងកិច្ចសហការល្អរវាងផ្នែកឯកជន កម្ពុជា-ហ្វីលីពីន ឱ្យបង្កើនការលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍កម្ពុជា លើទីផ្សារហ្វីលីពីន រួមជាមួយការផ្សព្វផ្សាយ អំពីការបើកដំណើរការសេវាទិដ្ឋាការពេលមកដល់ (Visa On Arrival) សម្រាប់អ្នកដំណើរពីបរទេសចូលមកកម្ពុជាតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក៕