កម្ពុជាទាក់ទាញបានទុនវិនិយោគ៣,៧៦ពាន់លានដុល្លារក្នុងរយៈពេល៩ខែដំបូង

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានបង្ហាញកាលពីថ្ងៃសៅរ៍ថា កម្ពុជាបានទាក់ទាញការវិនិយោគទ្រព្យសកម្មថេរ ក្នុងទឹកប្រាក់ចំនួន៣,៧៦ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៩ខែដំបូង ឆ្នាំ២០២៣នេះ។

តួលេខខាងលើនេះ បានបង្ហាញសញ្ញានៃការកើនឡើង៨,៦ភាគរយ ពី៣,៤៦ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៩ខែដំបូងដូចគ្នាកាលពីឆ្នាំ២០២២។ នេះបើយោងតាមសារពត៌មានរបស់រដ្ឋចិន Xinhua បានចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣។របាយការណ៍ដដែលបានបន្តថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័ត គម្រោងវិនិយោគចំនួន១៩១ ក្នុងអំឡុងពេលខែមករា ដល់ខែកញ្ញាឆ្នាំនេះ កើនឡើង២៧ភាគរយពីគម្រោងចំនួន១៥០ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចំណែកឯ ប្រភពនៃអ្នក​វិនិយោគ​បរទេស​ធំៗ​ចំនួន​៥ ​ចូលមក​បណ្តាក់ទុននៅកម្ពុជា​ រួមមាន អ្នកវិនិយោគមក​ពី​ប្រទេស​ចិន ម៉ាឡេស៊ី កោះ British Virgin សិង្ហបុរី និង​វៀតណាម។

ទោះបីជាពិភពលោក កំពុងជួបវិបត្តិសេដ្ឋកិច្ចសកលយ៉ាងណាក្តី ការវិនិយោគរបស់បរទេសនៅ​កម្ពុជា នៅតែមានសន្ទុះគួរឱ្យកត់សម្គាល់។ ជាក់ស្តែង ត្រឹមរយៈពេល៦ខែ ឆ្នាំ២០២៣នេះ មានក្រុមហ៊ុនបរទេសជិត១០០ក្រុម​ហ៊ុន បានដាក់ទុនវិនិយោគនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here