ដោយ: គង់ លាងហួរ
អន្តរជាតិ: អាកាសយានដ្ឋាន Changi របស់ប្រទេសសិង្ហបុរី ជាប់ចំណាត់ថ្នាក់លេខ១ ជាអាកាសយានដ្ឋានមមាញឹកបំផុតរបស់តំបន់អាស៊ីប៉ាស៊ីហ្វិក គិតចាប់ពីខែមករាដល់ខែសីហា ដែលមានអ្នកដំណើរជិត៣៨លាននាក់។
តួលេខនេះបង្ហាញពីអត្រា នៃការស្ទុះងើបឡើងវិញ៨៥ភាគរយ បើធៀបនឹង៤៥លាននាក់ ក្នុងរយៈពេល៨ខែដំបូង នៃឆ្នាំ២០១៩ ពោលគឺមុនផ្ទុះជំងឺរាតត្បាតសកល។ នេះបើតាមទិន្នន័យចងក្រងដោយក្រុមហ៊ុនប្រឹក្សាអាកាសចរណ៍ Sobie Aviation របស់សិង្ហបុរី។
អាកាសយានដ្ឋាន Incheon របស់ទីក្រុងសេអ៊ូល ស្ថិតនៅលំដាប់ទី២ ដែលមានអ្នកដំណើរចំនួន៣៥លាននាក់ ពោលគឺងើបឡើងវិញដល់៧៣ភាគរយ នៃកម្រិតមុនផ្ទុះកូវីដ។ ចំណែក អាកាសយានដ្ឋាន Bangkok Suvarnabhumi ស្ថិតនៅលំដាប់ទី៣ ដែលមានអ្នកដំណើរ២៥,៥លាននាក់ ពោលគឺងើបឡើងវិញដល់៧២ភាគរយនៃកម្រិតមុនផ្ទុះកូវីដ។
អាកាសយានដ្ឋានអន្តរជាតិហុងកុង ជាប់ចំណាត់ថ្នាក់ទី៤ ដែលមានអ្នកដំណើរចំនួន២៤,៣លាននាក់ ក្នុងរយៈពេល៨ខែដំបូងដើមឆ្នាំនេះ ដែលកើនឡើងយ៉ាងខ្លាំងពីចំណាត់ថ្នាក់ទី៣០ កាលពីឆ្នាំមុន ដោយសារវិធានការរឹតបន្តឹងកូវីដ។






