ដោយៈ តែម សុខុម
គូឡាឡាំពួ: ទីភ្នាក់ងារព័ត៌មាន ប្រទេសម៉ាឡេស៊ី Bernama បានចុះផ្សាយថា កម្ពុជា និងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ បានព្រមព្រៀងគ្នាផ្ដល់អាទិភាព លើការជួយគ្នាទៅវិញទៅមក ដើម្បីជួយបំពេញកង្វះខាតនៃការផ្គត់ផ្គង់ស្រូវអង្ករ និងបញ្ហាទាក់ទិនស្បៀងអាហារ។
រដ្ឋមន្ត្រីកសិកម្ម និងសន្តិសុខស្បៀងម៉ាឡេស៊ី លោក Mohamad Sabu បានលើកឡើងកាលពីថ្ងៃសុក្រ ទី៦ ខែតុលា ថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានឈានដល់កិច្ចព្រមព្រៀងនេះ នៅក្នុងកិច្ចប្រជុំនៅទីក្រុងគូឡាឡាំពួរ សប្តាហ៍នេះ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី៧ ខែតុលា។
-->
លោកបានបន្តថា “កិច្ចសហការក្នុងអាស៊ាន មានន័យថា ប្រសិនបើយើងប្រឈមនឹងបញ្ហាស្រូវអង្ករ បណ្ដាប្រទេសជាសមាជិកអាស៊ាន នឹងផ្ដល់អាទិភាពលើការផ្គត់ផ្គង់ ដល់បណ្ដាប្រទេសជាសមាជិកអាស៊ាន មុនគេ”។
លោក Mohamad Sabu ថ្លែងថា ប្រទេសកម្ពុជា វៀតណាម និងថៃ បានបញ្ជាក់គោលជំហរថា ពួកគេនឹងពិចារណាលើសំណើថ្មីៗសម្រាប់ការនាំចូលស្រូវអង្ករបន្ថែមទៀត។ ប្រទេសម៉ាឡេស៊ី ដែលនាំចូលអង្ករប្រមាណ៣៨% នៃតម្រូវការអង្កររបស់ខ្លួនស្ថិត ក្នុងចំណោមប្រទេសមួយចំនួន ដែលរងផលប៉ះពាល់ ដោយសារប្រទេសនាំចេញកំពូលៗ ដូចជាឥណ្ឌា ជាដើមបានរឹតបន្តឹងការនាំចេញអង្ករ។
រដ្ឋាភិបាលម៉ាឡេស៊ី កាលពីថ្ងៃច័ន្ទ សប្ដាហ៍មុនបានប្រកាសដាក់ចេញឧបត្ថម្ភធន និងវិធានការផ្សេងៗទៀត ដើម្បីទប់ការឡើងថ្លៃទំនិញគ្រាប់ធុញ្ញជាតិ និងធានាការផ្គត់ផ្គង់ទំនិញគ្រាប់ធុញ្ញជាតិឱ្យបានគ្រប់គ្រាន់នៅក្នុងទីផ្សារ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានព្រមានចាត់វិធានការផ្លូវច្បាប់ ចំពោះជនណាដែលត្រូវបានរកឃើញថា ស្តុកអង្ករទុក ដើម្បីបញ្ចេញលក់ក្នុងតម្លៃខ្ពស់ជាងទីផ្សារ។លោកលើកឡើងថា ការធ្វើបែបនេះ គឺដើម្បីការពារអ្នកប្រើប្រាស់ ពីការស្តុកទុកទំនិញធញ្ញជាតិក្នុងស្រុក៕ Reuters៕