ដោយ: គង់ លាងហួរ
បាងកក: អភិបាលក្រុងបាងកក លោក Chadchart Sittipunt បានបង្ហាញផែនការដើម្បីពិភាក្សាអំពីលទ្ធភាពក្នុងការប្រែក្លាយរាជធានីនេះទៅជាមជ្ឈមណ្ឌលសម្រាប់បណ្តាក្រុមហ៊ុនអន្តរជាតិ។ គំនិតផ្តួចផ្តើមប្រកបដោយមហិច្ឆិតានេះ មានគោលបំណងបង្កើតការងារ បង្កើតប្រាក់ចំណូល និងចែកចាយអត្ថប្រយោជន៍ទៅដល់វិស័យផ្សេងៗទៀត។
លោក Chadchart បានបញ្ជាក់ថា លោកនឹងពិភាក្សាអំពីយុទ្ធសាស្ត្រជាមួយរដ្ឋាភិបាល រួមទាំងការប្រែក្លាយទីក្រុងបាងកក ទៅជាមជ្ឈមណ្ឌលសម្រាប់ក្រុមហ៊ុនអន្តរជាតិ ក៏ដូចជាការដោះស្រាយបញ្ហាសំខាន់ៗដូចជា ការគ្រប់គ្រងចរាចរណ៍ ការកកស្ទះ ថ្លៃសំបុត្រធ្វើដំណើរ និងបន្ទុកបំណុលជាដើម។ លោកបន្តថា “គោលនយោបាយដ៏សំខាន់មួយ ដែលទាមទារការយកចិត្តទុកដាក់ និងស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល គឺធ្វើឱ្យទីក្រុងបាងកក ក្លាយទៅជាមជ្ឈមណ្ឌលសម្រាប់ក្រុមហ៊ុនអន្តរជាតិ”។អភិបាលក្រុងបាងកករូបនេះបានអះអាងថា អាស្រ័យហេតុនេះ ការទទួលបានវត្តមានក្រុមហ៊ុនអន្តរជាតិមកបង្កើតមូលដ្ឋាននៅទីនេះ នឹងផ្តល់អត្ថប្រយោជន៍សម្រាប់មនុស្សគ្រប់រូប រាប់ចាប់ពីវិស័យបដិសណ្ឋារកិច្ច រហូតដល់អ្នកបើកបរតាក់ស៊ី ភោជនីយដ្ឋាន កសិករ និងអ្វីៗជាច្រើនទៀត។
លោក Chadchart ក៏បានគូសបញ្ជាក់ពីលក្ខណៈវិវឌ្ឍនៃការវិនិយោគផងដែរ ដែលកំពុងផ្លាស់ប្តូរចេញឆ្ងាយពីវិស័យឧស្សាហកម្មបែបប្រពៃណី ឆ្ពោះទៅរកវិស័យសេវាកម្ម វិស័យសេវាកម្មហិរញ្ញវត្ថុ ការចាប់ផ្ដើមអាជីវកម្ម(Startups) និងអាជីវកម្មច្នៃប្រឌិត។
លោកបានមានប្រសាសន៍បន្ថែមថា ដើម្បីទាក់ទាញអ្នកវិនិយោគ ទីក្រុងបាងកក មានបំណងសហការជាមួយរដ្ឋាភិបាល និងក្រុមប្រឹក្សាវិនិយោគ ដោយបច្ចុប្បន្នសាលាក្រុងបាងកកកំពុងពិភាក្សាជាមួយសភាពាណិជ្ជកម្មបរទេស និងវិនិយោគិនបរទេស៕