ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនលក់រាយ និងអភិវឌ្ឍអចលនទ្រព្យខ្នាតយក្ស Central Pattana Plc (CPN) គ្រោងអភិវឌ្ឍគម្រោងប្រើប្រាស់ចម្រុះធំចំនួន៥ នៅក្នុងតំបន់កណ្តាល និងសង្កាត់ពាណិជ្ជកម្មកណ្តាល (CBD) របស់ទីក្រុងបាងកក ក៏ដូចជាភាគខាងជើងទីក្រុងបាងកកផងដែរ។
ការសាងសង់គម្រោងទាំងនេះគ្រោងនឹងចាប់ផ្តើមចន្លោះពីឆ្នាំ២០២៣នេះ និងឆ្នាំ២០២៧ ក្នុងតម្លៃទុនវិនិយោគជាង១០០ពាន់លានបាត(ប្រហែល២,៧ពាន់លានដុល្លារអាមេរិក)។
គម្រោងទាំងប្រាំនោះរួមមានគម្រោង Central Park ដែលមានទីតាំងនៅ Dusit Central Park ដែលគ្រោងនឹងបង្ហាញរូបរាងឡើងនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥។
គម្រោងមួយផ្សេងទៀតនៅជាប់នឹងផ្សារទំនើប Central Embassy ត្រង់ចំណុចប្រសព្វនៃផ្លូវ Wireless ចំណែក គម្រោងមួយទៀតស្ថិតនៅខាងក្រោយ Central Shopping Complex នៅផ្លូវ Rama 9 ខណៈគម្រោងនៅសល់ពីរទៀតនឹងលាតសន្ធឹងលើដីទំហំ១១២ហិកតា នៅតំបន់ Rangsit។
គម្រោងប្រើប្រាស់ចម្រុះនីមួយៗទាមទារទុនវិនិយោគអប្បបរមាចំនួន២០ពាន់លានបាត(ប្រហែល៥៤២លានដុល្លារ) និងមានទីតាំងធំទូលាយដែលលាតសន្ធឹងលើផ្ទៃដី៣៥០.០០០ម៉ែត្រការ៉េ។

លោកស្រី Wallaya Chirathivat ប្រធាន និងជានាយកប្រតិបត្តិរបស់ CPN លើកឡើងថា យើងបានចាក់ឫសនៅក្នុងឧស្សាហកម្មលក់រាយអស់រយៈពេល៤២ឆ្នាំមកហើយ ដោយបានយកឈ្នះលើបញ្ហាប្រឈមជាច្រើន។




