វិស័យអាកាសចរណ៍ពិភពលោកស្ទុះងើបឡើងវិញ៩៦ភាគរយនៃកម្រិតមុនផ្ទុះជំងឺរាតត្បាត

0

ដោយ: គង់ លាងហួរ
រីយ៉ាដ: យោងតាមទិន្នន័យថ្មីៗពីសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិបង្ហាញថា វិស័យអាកាសចរណ៍ពិភពលោកស្ទុះងើបឡើងវិញយ៉ាងលឿន ខណៈចរាចរណ៍ក្នុងខែកក្កដាបានហក់ឡើងដល់៩៥,៦%នៃកម្រិតមុនជំងឺរាតត្បាត។

សមាគមខាងលើបានបង្ហាញថា ចរាចរណ៍ផ្លូវអាកាសសរុបសម្រាប់ខែកក្កដាឆ្នាំ២០២៣នេះ បានហក់ឡើង២៦,២ភាគរយបើប្រៀបធៀបទៅនឹងខែកក្កដាដូចគ្នាក្នុងឆ្នាំ២០២២។

ចរាចរណ៍ក្នុងស្រុកសម្រាប់ខែកក្កដាក៏បានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដោយសម្រេចបាននូវអត្រាកំណើន២១,៥ភាគរយ និងកើនលើសពីកម្រិតក្នុងខែកក្កដា ឆ្នាំ២០១៩ ប្រមាណ៨,៣ភាគរយ។ នៅខែកក្កដាដដែល ចរាចរណ៍អន្តរជាតិបានកើនឡើង២៩,៦ភាគរយបើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២ និងឈានដល់អត្រា៨៨,៧ភាគរយនៃកម្រិតក្នុងខែកក្កដា ឆ្នាំ២០១៩។

និន្នាការវិជ្ជមានទាំងអស់នេះអាចត្រូវបានគេមើលឃើញនៅទូទាំងតំបន់ជាច្រើន ដោយបណ្តាក្រុមហ៊ុនអាកាសចរណ៍នៅតំបន់អាស៊ីប៉ាស៊ីហ្វិកបាននាំមុខគេទី១។ ជាក់ស្តែង ក្នុងខែកក្កដា ឆ្នាំនេះ ចរាចរណ៍នៅតំបន់អាស៊ីប៉ាស៊ីហ្វិកបានហក់ឡើង១០៥,៨ភាគរយបើធៀបនឹងខែកក្កដា ឆ្នាំ២០២២។

ក្រុមហ៊ុនអាកាសចរណ៍នៅតំបន់អាហ្រ្វិកបាននាំមុខគេទី២ ដោយចរាចរណ៍នៅតំបន់នេះបានកើនឡើង២៥,៦ភាគរយក្នុងខែកក្កដា ឆ្នាំ២០២៣ បើធៀបនឹងខែកក្កដា ឆ្នាំមុន។ ទន្ទឹមគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍នៅតំបន់អាមេរិកឡាទីនបានកត់ត្រាកំណើនចរាចរណ៍២៥,៣ភាគរយនៅក្នុងខែកក្កដា ឆ្នាំនេះ បើធៀបនឹងខែកក្កដា ឆ្នាំ២០២២។

ក្រុមហ៊ុនអាកាសចរណ៍នៅតំបន់មជ្ឈិមបូព៌ាក៏បានរាយការណ៍ពីកំណើនយ៉ាងច្រើនផងដែរ ដោយសារចរាចរណ៍ផ្លូវអាកាសនៅតំបន់នេះបានហក់ឡើង២២,៦ភាគរយនៅក្នុងខែកក្កដា ឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចរាចរណ៍របស់ក្រុមហ៊ុនអាកាសចរណ៍នៅអាមេរិកខាងជើងបានកើនឡើង១៧,៧ភាគរយនៅក្នុងខែកក្កដា ឆ្នាំ២០២៣នេះ ធៀបនឹងខែកក្កដា ឆ្នាំ២០២២។ ចំណែក ចរាចរណ៍របស់ក្រុមហ៊ុនអាកាសចរណ៍នៅតំបន់អឺរ៉ុបបានកើនឡើង១៣,៨ភាគរយនៅក្នុងខែកក្កដា ឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here