តែម សុខុម
ប៉េកាំង: មហាយក្សចិន និងសហភាពអឺរ៉ុប បានពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយគ្នាតាមរយៈការបង្កើនពាណិជ្ជកម្មតាមផ្លូវសមុទ្រដែលកំពុងទទួលបានភាពជោគជ័យខ្លាំង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Xinhua ចុះផ្សាយកាលពីថ្ងៃអង្គារ ទី៩ ខែតុលា។
កាលពីចុងខែកញ្ញា កប៉ាល់ដឹកកុងតឺន័រខ្នាតយក្ស COSCO Shipping Virgo បានវិលត្រលប់ទៅកាន់កំពង់ផែក្រុងហែមបឺក (Port of Hamburg) ដែលជាកំពង់ផែធំបំផុតនៅក្នុងប្រទេសអាល្លឺម៉ង់ និងធំបំផុតទី៣ នៅអឺរ៉ុប។
កប៉ាល់ដឹកកុងតឺន័រខ្នាតយក្សដែលមានសមត្ថភាពផ្ទុក 20.000-TEU ឬ ដែលអាចដឹកកុងតឺន័រប្រវែង៦ម៉ែត្រចំនួន២០.០០០ទូកុងតឺន័រនេះបានចេញចាប់ផ្ដើមចេញដំណើរពីកំពង់ផែក្រុងធានជីង (Tianjin Port) ប្រទេសចិន។
មុនពេលទៅដល់ទីក្រុង Hamburg វាបានឈប់សំចតនៅកំពង់ផែជាច្រើនរួមទាំងកំពង់ផែក្រុងសៀងហៃ កំពង់ផែក្រុងនីងប៉ (Ningpo) នៃប្រទេសចិន ព្រមទាំងកំពង់ផែសិង្ហបុរី កំពង់ផែផាយរៀស (Piraeus) នៃប្រទេសក្រិក និងកំពង់ផែរ៉តធើដាម (Rotterdam) នៃប្រទេសហូឡង់ ផងដែរ។ ហើយពេលនេះកប៉ាល់នេះកំពុងធ្វើដំណើរត្រលប់មកកាន់ក្រុងសៀងហៃ វិញហើយ។
បច្ចុប្បន្នកំពង់ផែក្រុង Hamburg ត្រូវបានភ្ជាប់ដោយផ្ទាល់ទៅកាន់កំពង់ផែធំៗជាច្រើនរបស់ប្រទេសចិន។
ប្រមាណ១ភាគ៣នៃកុងតឺន័រដែលបានដំណើរការនៅកំពង់ផែក្រុង Hamburg មានប្រភពមកពីប្រទេសចិន ឬ ឆ្ពោះទៅកាន់ប្រទេសចិន។
ក្នុងឆ្នាំ២០២២ ប្រទេសចិន និងសហភាពអឺរ៉ុប គឺជាដៃគូពាណិជ្ជកម្មធំបំផុតទី២ របស់គ្នាទៅវិញទៅមក ដែលសម្រេចបានរំហូរពាណិជ្ជកម្មទ្វេភាគីចំនួន៨៤៧,៣ពាន់លានដុល្លារអាមេរិក។ នេះបង្ហាញថា ពាណិជ្ជកម្មរវាងប្រទេសចិន និងសហភាពអឺរ៉ុប ជាមធ្យមមានទំហំ១,៦លានដុល្លារអាមេរិក រៀងរាល់មួយនាទី៕ Xinhua៕