ដោយ: គង់ លាងហួរ
អន្តរជាតិ: មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថាសេដ្ឋកិច្ចរបស់កម្ពុជា នឹងកើនឡើង៥,៦ភាគរយ នៅឆ្នាំនេះ និង៦,១ភាគរយ នៅឆ្នាំ២០២៤ពោលគឺកើនឡើងពី៥,២ភាគរយកាលពីឆ្នាំមុន ។
ការព្យាករដែលបានបង្ហាញនៅក្នុងទស្សនវិស័យសេដ្ឋកិច្ចពិភពលោកចុងក្រោយរបស់មូលនិធិIMF មានន័យថាកម្ពុជាទំនងជា ប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតរបស់តំបន់អាស៊ានក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា ។
ប្រទេសហ្វីលីពីនឈរនៅចំណាត់ថ្នាក់លេខ២ ជាមួយនឹងការព្យាករកំណើនសេដ្ឋកិច្ច៥,៣ភាគរយនៅឆ្នាំនេះ និង៥,៩ភាគរយនៅឆ្នាំក្រោយ ។
ចំណែកសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ីត្រូវបានគេព្យាករថានឹងកើនឡើង៥,០ភាគរយទាំងនៅឆ្នាំនេះ និងឆ្នាក្រោយហើយកំណើនសេដ្ឋកិច្ចវៀតណាម ត្រូវបានព្យាករថានឹងកើនឡើង៤ ,៧ភាគរយនៅឆ្នាំនេះនិង៥,៨ភាគរយនៅឆ្នាំក្រោយ ។
សេដ្ឋកិច្ចឡាវ និងម៉ាឡេស៊ី ត្រូវបានគេរំពឹងថា នឹងកើនឡើង៤,០ភាគរយដូចគ្នានៅឆ្នាំនេះ ខណៈកំណើនសេដ្ឋកិច្ចឡាវនៅឆ្នាំ២០២៤ នឹងស្ថិតក្នុងរង្វង់៤,០%ដដែល ចំណែកសេដ្ឋកិច្ចម៉ាឡេសុីនឹងកើនដល់៤,៣%នៅឆ្នាំក្រោយនេះ។
សេដ្ឋកិច្ចថៃត្រូវបានគេព្យាករថា នឹងកើនឡើង២,៧ភាគរយនៅឆ្នាំនេះ និង៣,២ភាគរយនៅឆ្នាំក្រោយ ខណៈសេដ្ឋកិច្ចក្នុងប្រទេសមីយ៉ាន់ម៉ាត្រូវបានគេរំពឹងថានឹងកើនឡើង២,៦ភាគរយទាំងនៅឆ្នាំនេះនិងឆ្នាំក្រោយ។
សេដ្ឋកិច្ចនៅប្រទេសសិង្ហបុរីត្រូវបានព្យាករថានឹងកើនឡើង១,០ភាគរយនៅឆ្នាំនេះ និង២,១ភាគរយនៅឆ្នាំ២០២៤។ ផ្ទុយទៅវិញ សេដ្ឋកិច្ចរបស់ប្រទេសប្រ៊ុយណេត្រូវបានព្យាករថា នឹងធ្លាក់ចុះ០,៨ភាគរយនៅឆ្នាំនេះ មុនពេលស្ទុះងើបឡើងវិញ៣,៥ភាគរយនៅឆ្នាំ២០២៤៕