ដោយ: គង់ លាងហួរ
ភ្នំពេញ: លោក វ៉ាង ហ្ស៊ី (Wang Shi) ដែលជាមហាសេដ្ឋី និងស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យដ៏ធំ នៅក្នុងប្រទេសចិនបានបំពេញដំណើរទស្សនកិច្ចមកកាន់កម្ពុជា កាលពីថ្ងៃទី១០ ខែតុលា ដើម្បីពិនិត្យ និងសិក្សាលទ្ធភាពនៃការវិនិយោគ។
វត្តមានរបស់មហាសេដ្ឋីចិនរូបនេះ អាចជាក្តីសង្ឃឹមថ្មីមួយទៀតសម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា បន្ទាប់ពីវិស័យនេះបានរងផលប៉ះពាល់ ដោយសារវិបត្តិជំងឺកូវីដ-១៩ និងឥទ្ធិពលសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន។
ប្រសិនបើមិនមានអ្វីប្រែប្រួលទេនោះ លោក វ៉ាង ហ្ស៊ីនឹងបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១០ ដល់ទី១៣ ខែតុលាខាងមុខនេះ ហើយដំណើរទស្សនកិច្ចរបស់លោក នឹងរៀបចំឡើងនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដែលជាតំបន់ប៉ូលសេដ្ឋកិច្ចសំខាន់ចំនួន២របស់កម្ពុជា។បើតាមគម្រោង ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ មហាសេដ្ឋីចិនរូបនេះ នឹងចូលជួបពិភាក្សាការងារ ជាមួយមន្ត្រីសំខាន់ៗរបស់កម្ពុជា និងអភិបាលខេត្តព្រះសីហនុ ដើម្បីជជែក និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការមួយចំនួន លើការវិនិយោគក្នុងវិស័យអចលនទ្រព្យ ការការពារព្រៃកោងកាងធម្មជាតិ និងការសម្ពោធនូវគម្រោង ដែលជាជំនួយរបស់ក្រុមហ៊ុនរបស់លោក សម្រាប់អង្គការមួយនៅកម្ពុជា។
លោក វ៉ាង ហ្ស៊ី ជាបុគ្គលដ៏លេចធ្លោមួយរូប នៅក្នុងសហគ្រិនជំនាន់ដំបូងនៃមហាអំណាចចិន បន្ទាប់ពីប្រទេសចិនបានប្រកាសអនុវត្តនូវគោលនយោបាយ កំណែទម្រង់សេដ្ឋកិច្ចបើកចំហ។លោក វ៉ាង គឺជាស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យដ៏ធំ នៅក្នុងប្រទេសចិន ដែលមានឈ្មោះថាChina Vanke Co., Ltd, និងជាអ្នកវិនិយោគគិតគូរពីវិស័យបរិស្ថានបែបធម្មជាតិ និងវិស័យបច្ចេកវិទ្យា៕