ដោយៈ ជេស៊ីកា
ភ្នំពេញៈ “យុទ្ធសាស្រ្តជាតិលើកស្ទួយសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាគោលនយោបាយឈ្នះឈ្នះ”។ នេះជាប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា។
ក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧ សម្តេចធិបតីបានប្រកាសគោលការណ៍លើកលែង និងអនុគ្រោះពន្ធទាំង ៩ ចំណុចរបស់រាជរដ្ឋាភិបាល សម្រាប់បងប្អូនម្ចាស់អាជីវកម្ម នៅក្នុងដំណាក់កាលនៃការអភិវឌ្ឍន៍ដែលមានដូចជា ទី១. ការផ្តល់ការលើកលែង ដល់ការផាកពិន័យ និងបំណុលទាំងអស់ នៅក្នុងឆ្នាំ២០២៣ ដល់ឆ្នាំ ២០២៨ ចំពោះការមិនបានបំពេញអនុលោមភាពកន្លងមក ដើម្បីបើកច្រកឱ្យបងប្អូនបានចូលមក នៅក្នុងការប្រកបអាជីវកម្ម ក្នុងប្រព័ន្ធដោយមិនមានការព្រួយបារម្ភ ។
ទី២. ការផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសមីក្រូ ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តនៅក្នុងឆ្នាំ ២០២៣ ដល់ ២០២៨ ដោយលើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារ និងកម្រៃសេវាធ្វើបច្ចុប្បន្នភាព ។
ទី៣. ការផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធនតូច ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្ត នៅក្នុងឆ្នាំ២០២៣ ដល់ ២០២៨ តាមរយៈការលើកលែងពិន័យទោសទន្ទ និងបំណុលពន្ធ ចំពោះការមិនបំពេញអនុលោមភាព កន្លងមកមុនការចុះបញ្ជី និងលើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារ និងកម្រៃសេវាធ្វើបច្ចុប្បន្នភាពនៅពេលចុះបញ្ជី និងលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បរមាសម្រាប់២ឆ្នាំក្រោយការចុះបញ្ជី ។
ទី៤. ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធនមធ្យម ចំពោះការចុះបញ្ជី ដោយស្ម័គ្រចិត្តនៅក្នុងឆ្នាំ២០២៤ និង២០២៥ តាមរយៈការលើកលែងពិន័យទោសទន្ទ និងបំណុលពន្ធចំពោះការមិនបំពេញ អនុលោមភាពកន្លងមកមុនការចុះបញ្ជី និងលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បរមាសម្រាប់២ឆ្នាំក្រោយការចុះបញ្ជី ។
ទី៥. ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធនតូច និងមធ្យមចំពោះការចុះបញ្ជី ដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៤ ឬ ២០២៥ តាមរយៈ ការលើកលែងការបង់ពន្ធប៉ាតង់ សម្រាប់រយៈពេល ២ ឆ្នាំបន្ទាប់ពីទទួលបានការសម្រេចចុះបញ្ជី។
ទី៦. ការកាត់បន្ថយថ្លៃសេវា សម្រាប់ការផ្តល់សេចក្តីប្រកាសជូនដំណឹងបើកសហគ្រាស និងការចុះមជ្ឈការសៀវភៅបញ្ជីប្រចាំគ្រឹះស្ថាន និងសៀវភៅបើកប្រាក់ខែ សម្រាប់សហគ្រាសដែលមានចំនួនកម្មករ និយោជិតតិចជាង៨នាក់ ។
ទី៧.ពង្រឹងយន្តការស្វ័យត្រួតពិនិត្យ និងពង្រឹងការអនុវត្តយន្តការក្រុមអធិការកិច្ចអន្តរក្រសួងនៅថ្នាក់ជាតិ ដើម្បីធានាការចុះធ្វើអធិការកិច្ចរួមគ្នា ក្នុងពេលតែមួយ និងមួយលើកក្នុង១ឆ្នាំ។
ទី៨. រៀបចំការត្រួតពិនិត្យ និងធ្វើសេចក្តីរួមគ្នាក្នុងពេលតែមួយ និងតែមួយលើកក្នុង១ឆ្នាំ នៅថ្នាក់ក្រោមជាតិ សម្រាប់គ្រប់សហគ្រាសដែលបាន ឬមិនទាន់បានចុះបញ្ជី ឬស្នើសុំអញ្ញាប័ណ្ណឬលិខិតអនុញ្ញាតផ្សេងៗ ។
ទី៩. រៀបចំបង្កើតបទដ្ឋានគតិយុទ្ធក្របខណ្ឌ និងយន្តការដែលផ្តល់ស្ថានភាពស្របច្បាប់ ជាសហគ្រាសធនមីក្រូ និងតូចដោយភ្ជាប់ជាមួយអត្ថប្រយោជន៍ផ្សេងៗ ដូចជា ការលើកលែងការបង់ថ្លៃសេវារដ្ឋបាលនានា សម្រាប់រយៈពេល៥ឆ្នាំជាដើម៕