រថភ្លើងដឹកទំនិញរវាងទីក្រុងវៀងចន្ទន៍ និងទីក្រុងសៀងហៃ បានបើកដាក់ឱ្យដំណើរការជាផ្លូវការហើយ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការចុះផ្សាយដោយសារពត៌មាន Laotian Times បានឱ្យដឹងថា សេវារថភ្លើងដឹកទំនិញដែលតភ្ជាប់ពីទីក្រុងវៀងច័ន្ទ ប្រទេសឡាវ និងទីក្រុងសៀងហៃ ប្រទេសចិន ត្រូវបានបើកដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី៨ ខែតុលាកន្លងទៅថ្មីៗនេះ។

សេវាកម្មដឹកជញ្ជូននេះ ដែលតភ្ជាប់ផ្លូវដែកឡាវ-ចិន និងផ្លូវដែកសៀងហៃ-គុនមីង នឹងត្រូវបានដំណើរការតាមរយៈផ្លូវទាំងពីរនេះ។ រថភ្លើងតភ្ជាប់ពីទីក្រុងវៀងចន្ទន៍ទៅកាន់ទីក្រុងសៀងហៃនេះ បានដឹកជញ្ជូនទំនិញជាច្រើនប្រភេទ ដូចជាផ្លែឈើ និងកៅស៊ូពីតំបន់អាស៊ីអាគ្នេយ៍។ បន្ទាប់ពីធ្វើដំណើរពីរដ្ឋធានីវៀងចន្ទន៍ទៅដល់ទីក្រុងគុនមីង រថភ្លើងនេះបានបន្តធ្វើដំណើរទៅកាន់ទីក្រុងសៀងហៃពីស្ថានីយ Wangjiaying West ក្នុងក្រុងគុងមីង ដែលជារដ្ឋធានីនៃខេត្តYunnan របស់ប្រទេសចិន។ យោងតាមការិយាល័យព័ត៌មានក្រុមប្រឹក្សារដ្ឋនៃសាធារណៈរដ្ឋប្រជាមានិតចិនបានឱ្យដឹងថា ការធ្វើដំណើរទៅកាន់ទីក្រុងសៀងហៃត្រូវបានគេរំពឹងថានឹងចំណាយរយៈពេលចំនួន៨២ម៉ោង។

គម្រោងផ្លូវដែកឡាវ-ចិន គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” របស់ប្រទេសចិន ដែលមានគោលបំណងលើកកម្ពស់សមាហរណកម្មក្នុងតំបន់ ជំរុញពាណិជ្ជកម្ម និងជំរុញកំណើនសេដ្ឋកិច្ច ដោយតភ្ជាប់តំបន់អាស៊ីជាមួយតំបន់អាហ្វ្រិក និងអឺរ៉ុប តាមរយៈបណ្តាញផ្លូវគោក និងផ្លូវសមុទ្រ។

ចាប់តាំងពីបានបើកសម្ពោធដាក់ឱ្យដំណើរការកាលពីខែធ្នូ ឆ្នាំ២០២១ ខ្សែរថភ្លើងនេះបានជួយសម្រួលដល់ការដឹកជញ្ជូនទំនិញប្រមាណ២៧លានតោនទៅកាន់គោលដៅផ្សេងៗគ្នា រួមមានដូចជាប្រទេសឡាវ ថៃ វៀតណាម និងមីយ៉ាន់ម៉ា៕

LEAVE A REPLY

Please enter your comment!
Please enter your name here